(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តមហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ចត្វាស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦:២៥នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយគាំងបេះដូង។
ពិធីបុណ្យសពឯកឧត្តមហ៊ុន ណេង កំពុងប្រារព្ធធ្វើនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម តាមប្រពៃណីព្រះពុទ្ធសាសនា។
ការបាត់បង់ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ជាពិសេស ឯកឧត្តម ហ៊ុន ណេង បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
សម្តេចវិបុលសេនាភក្តី និងគណៈប្រតិភូអមដំណើរ សូមបួងសួងសូមវិញ្ញាណក្ខ័ន្ធឯកឧត្តម អញ្ចើញទៅកាន់ទីស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។





















