នារសៀលថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីមន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង ដឹកនាំដោយ ព្រះភិក្ខុ សីលវឌ្ឍោ សុខ រី ព្រះធម្មធរអនុគណក្រុងបាត់ដំបង និងសហការី ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ តាមបណ្តាលវត្តក្នុងក្រុងបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណ:កម្មាធិការសាខា សរុបប្រមាណ៤៥អង្គ/នាក់។
មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ ព្រះមន្ត្រីសង្ឃព្រះគ្រូចៅអធិការវត្តក្នុងក្រុងបាត់ដំបង ដែលបានឧបត្ថម្ភអំណោយជាសម្ភារៈ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ដើម្បីឱ្យសាខា អាចចុះបំពេញប្រតិបត្តិការងារមនុស្សធម៌បានជាបន្តបន្ទាប់ទៀត។
ឯកឧត្ដម បានបញ្ចាក់ផងដែរថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា រយៈពេល៤ខែដើមឆ្នាំ២០២២ នេះសាខាខេត្តបាត់ដំបង បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ ក្នុងក្រុង ស្រុកទាំង១៤បានចំនួន៣៥លើកស្មើនឹង១,៨៤៥គ្រួសារ មានមនុស្សរាយចំនួន ៣,៧២៣នាក់ ស្រី១,៧៤៤នាក់ មកពីភូមិចំនួន២៩៥ភូមិ ក្នុងឃុំចំនួន៩៤ នៃខេត្តបាត់ដំបង។
អំណោយដែលសាខាទទួលបាននាពេលនេះរួមមាន ៖ បច្ច័យចំនួន ៣,៨៧៥,៥០០រៀល អង្ករចំនួន ២,៣០០គីឡូក្រាម, មី ៤៧កេស ទឹកត្រី ៦៤កេស ទឹកស៊ីអុីវ ៧៥យួរ ត្រីខ ២៣យួរ, ទឹកក្រូច ២០កេស និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀងផងដែរ៕






