(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តកំពង់ធំ ( គ.ស.អ) អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២មដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២។
ពិធីសំណេះសំណាលដ៏មានអត្ថន័យ ឯកឧត្តម ងួន រតនៈ បង្ហាញពីគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះគឺ ដើម្បីផ្សព្វផ្សាយផែនការ ការពារការបោះឆ្នោតរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ជូនភាគីចូលរួមការបោះឆ្នោតនៅទូទាំងខេត្ត ទាំងតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ប្រកបដោយការជឿទុកចិត្ត ដើម្បីឆ្លើយតបតាមការគ្រោងទុកតាមការចង់បានរបស់គណៈកម្មការរៀបចំការបោះឆ្នោត៕



