តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត និង លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង រួមជាមួយ មន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី៣ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងវិទ្យាល័យវត្តបារាយណ៍វិហារពីរ ស្ថិតនៅ ឃុំព្រៃស្លឹក និងពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី៣ ដល់បងប្អូនប្រជាពលរដ្ឋ នៅខាងផ្សារកំពង់ជ្រៃ ស្ថិតនៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ គឺជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសប្រភេទមេរោគបំប្លែងថ្មីៗ ដែលកំពុងរាតត្បាតជាសកល។ បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យបងប្អូន បន្តអនុវត្តវិធានការការពារនានា តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអាជ្ញាធរ ព្រមទាំងបន្តអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនបំផុត៕





