នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុបានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខ មណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាល ស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំកែវផុស ក្រុមគ្រួសារស្ត្រីដែលសម្រាលកូន នៅមុខមណ្ឌលសុខភាពប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យដែលបម្រើការនៅមណ្ឌលសុខភាព ឃុំកែវផុស។
តាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋឈឺពោះសម្រាលមកទទួលសេវាសម្រាលនៅមណ្ឌលសុខភាពឃុំកែវផុស តែមិនឃើញមានគ្រូពេទ្យប្រចាំការ រហូតដល់ម៉ោងជាង០៨ព្រឹកថ្ងៃដដែលបានឈឺពោះសម្រាល នៅមណ្ឌលសុខភាព ដោយឆ្មបបុរាណ ទាំងម្តាយ និងកូនគឺមានសុខភាពល្អ ក្រោមការជួយសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋានឃុំកែវផុស។
តាមការរាយការណ៍របស់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុស បានរាយការណ៍ថា ចំពោះករណីប្រជាពលរដ្ឋឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាពឃុំកែវផុស គឺនៅចំពេលម៉ោង ប្តូរវេនប្រចាំការ ដោយសារគ្រូពេទ្យប្រចាំការចេញមុនម៉ោង និងគ្រូពេទ្យប្តូរវេនមកយឺតពេល ដែលបណ្តាលឱ្យមានភាពខ្វះចន្លោះក្នុងការផ្តល់សេវា។ ជាមួយគ្នានេះក្រុមគ្រូពេទ្យក៏បានទៅសុំទោស ក្រុមគ្រួសារស្រ្តីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពដល់គេហដ្ឋានផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ ឯកឧត្តមអភិបាលខេត្ត បានធ្វើការសន្និដ្ឋានថា ក្រុមគ្រូពេទ្យប្រចាំការ នៅ មណ្ឌលសុខភាពឃុំកែវផុសអនុវត្តពុំទាន់ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ចំពោះមុខទាក់ទងនឹងបញ្ហានេះ កំហុសលើការទទួលខុសត្រូវលើម៉ោងពេលគឺនៅតែជាកំហុស ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យ។ ឯកឧត្តម ក៏បានដាក់ការណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត សូមយកបទពិសោធន៍នៃបញ្ហានេះធ្វើការដឹកនាំប្រជុំផ្សព្វផ្សាយទៅដល់មណ្ឌលសុខភាពផ្សេងៗទៀតឱ្យមានការទទួលខុសត្រូវ ព្រោះយើងមិនអាចឱ្យមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់យើងមួយធ្វើឱ្យ ប៉ះពាល់ដល់ការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលគិតគូរល្អិតល្អន់ និងត្រឹមត្រូវ។ ដោយត្រូវណែនាំពីរបៀបរបបនៃការបែងចែកវេនយាម និង ការប្តូរវេនយាម ចាប់ពីថ្ងៃនេះតទៅគឺមិនអនុញ្ញាតឱ្យអ្នកដែលមិនទាន់ដល់ពេលចេញទៅផ្ទះនោះទេ អ្នក ថ្មីមិនទាន់មកដល់ អ្នកចាស់មិនទាន់ចេញ ត្រូវមានចុះហត្ថលេខាប្តូរវេនគ្នាឱ្យ បានត្រឹមត្រូវពីវេនមួយ ទៅវេនមួយ។
ជាមួយគ្នានេះដោយទទួលបានការឯកភាពពី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរួចមក ឯកឧត្តមអភិបាលខេត្ត ជាប្រធានអង្គប្រជុំបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ (ក-ស្តីបន្ទោស, ខ-ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន,គ-ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ, ឃ-លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់) ចំពោះប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ចំនួន៦នាក់ទៀត ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ពីការប្រ ព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុសត្រូវធ្វើការកែលម្អ ដើម្បីជា ការប៉ះប៉ូវនូវកំហុសឆ្គងកន្លងមក ករណីមិនមានកែប្រែនោះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការបន្ត។
ចំពោះក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ដែលបានចូលរួមស្តាប់កិច្ច ប្រជុំ បានឯកភាពទទួលយកតាមការសម្រេចរបស់អង្គប្រជុំ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក និងមន្ទីរអង្គភាព ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសលោកមេឃុំ និងក្រុមប្រឹក្សាឃុំកែវផុសដែលបានជួយ សម្របសម្រួលការសម្រាល និងផ្គត់ផ្គង់ស្បៀងអាហារដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងពេលមានទុក្ខលំបាក។ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់គាត់បានសុំយកឈ្មោះរបស់លោកមេឃុំកែវផុស ធ្វើជាត្រកូលឱ្យ កូនប្រុសរបស់គាត់ដែលទើបតែសម្រាលនេះ ដើម្បីទុកជាការដឹងគុណ៕






