នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលើកទី៣៤ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក ស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលស្តីទី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង ៥ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលអំណោយផលនូវអាកាសធាតុល្អបរិសុទ្ធ ហើយជាខេត្ត ដែលសក្តានុពលលើវិស័យទេសចរ ដូច្នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្តឲ្យកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តម បានណែនាំដល់សមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកែលម្អសោភ័ណ្ឌភាពនៅក្នុងក្រុង និងការរៀបចំសំអាតអនាម័យនៅតាមដងផ្លូវ និងក្នុងផ្សារ ឲ្យមានលក្ខណៈល្អប្រសើរ ជាពិសេស ត្រូវរៀបចំកម្លាំងការពារនៅតាមដងផ្លូវសំខាន់ៗ និងតាមរមណីយដ្ឋាននៅក្នុងខេត្តផងដែរ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តមណ្ឌលគិរី និងក្លាយជាតំបន់ ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ទទឹមនឹងនេះ ឯកឧត្តម បានស្នើដល់មន្រ្តីជំនាញ អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋ ដែលសាងសង់ផ្ទះ ឫសំយាប រំលោភលើចំណីផ្លូវ ឲ្យរុះរើស ចៀសវាង នៅពេលអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ពួកគាត់។ ឯកឧត្តម បានជំរុញដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជាពិសេស បញ្ហាវិវាទដីធ្លី ឲ្យស្ថិតនៅក្រៅប្រព័ន្ធតុលាការ ម្យ៉ាងទៀត ក៏សូមឲ្យមន្ត្រីនៃមន្ទីរអង្គភាព និងកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្រ្តីរាជការ និងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមក មានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះដែរ ក៏សូមឲ្យមន្រ្តីរាជការ និងសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព គុណភាព និងប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណា ឲ្យខេត្តមណ្ឌលគិរី ប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ មានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់៕
នៅក្នុងឱកាសដែរ ឯកឧត្តម អភិបាលខេត្ត បានគោរពជូនពរដល់ ឯកឧត្តម ប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅពេលខាងមុខ សូមឱ្យមានសុខភាពល្អមាំមួន ដោយបានជូននូវភេសជ្ជៈសម្រាប់ពិសារ និងថវិកាមួយចំនួនផងដែរ។



















