ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាថ្មីថា នឹងបន្តការពារសន្ដិភាព ដើម្បីបន្តភាពរីកចម្រើន និងភាពសុខសាន្តនៃប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។
សម្ដេចតេជោ បានយកឱកាសនេះ រម្លឹកពីតម្លៃនៃសន្ដិភាព ដែលបានផ្ដល់នូវការរស់រាន ការអភិវឌ្ឍ និងភាពរីកចម្រើន ដោយថា កម្ពុជា បានឱ្យតម្លៃសន្ដិភាពនេះមុនប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សម្ដេចបានឱ្យក្រឡេកមើលស្ថានភាពអ៊ុយក្រែនពេលនេះជាឧទាហរណ៍នៃតម្លៃសន្ដិភាព។ សម្ដេចថា បច្ចុប្បន្ន ពិភពលោកកំពុងស្រែករកសន្ដិភាព និងការពារសន្ដិភាពជាងពេលណាទាំងអស់ ដោយសារឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមលោកលើកទី៣។ សម្ដេចបានបន្ថែមថា ពេលនេះ នៅទ្វីបអឺរ៉ុប ក្រៅពីមានបញ្ហាដែលចង់បាននូវសន្ដិភាព ក៏កើតមាននូវបញ្ហាថ្មីមួយទៀត គឺបញ្ហាជនភៀសខ្លួន និងការរើសអើងជាតិសាសន៍ថែមទៀត។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖ មិនប្រាកដថា អ្នកនិយាយពីបញ្ហាមិនរើសអើង អ្នកនិយាយពីបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សល្អទេ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីទៀតថានឹងបន្តការពារសន្ដិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះបន្តទៀត ដើម្បីការរីកចម្រើន និងភាពសុខសាន្តនៃប្រជាជន៕