ទីក្រុងហ្សឺណែវ ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២- កិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន ៣៦ប្រទេស បានចូលរួមថ្លែង បទអន្តរាគមន៍ ។
នៅក្នុងឱកាសនោះ គណៈប្រតិភូពីប្រទេសចំនួន២៨ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ក្នុងនោះ គណៈ ប្រតិភូជាច្រើនបានអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ រួមទាំងអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសដោយឥតគិតថ្លៃ និងកម្មវិធី គាំពារសង្គមជាច្រើនដល់ក្រុមងាយរងគ្រោះ ព្រមទាំងទទួលស្គាល់ចំពោះវឌ្ឍនភាពនិងសមិទ្ធផល នានា ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ សហគ្រិនភាព ក្នុងសន្តិភាពនិងសន្តិសុខ ក៏ដូចជាការលើកកម្ពស់សិទ្ធិកុមារ។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកសរសើរកម្ពុជា ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីស និងបានថ្លែង សង្កត់ធ្ងន់លើរបៀបរបបការងាររបស់អ្នករាយការណ៍ពិសេស ដែលគួរតែគោរពគោលការណ៍ សត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយត្រូវ គិតគូរផងដែរនូវទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភព ព័ត៌មានដែលអាចជឿជាក់បាន និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ព្រមទាំងអង្គហេតុពិត។
កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកំណែទម្រង់បោះឆ្នោត លំហនយោបាយ និងពហុភាពនៃទស្សនៈ នយោបាយ សំដៅធានាថា ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មាន សណ្តាប់ធ្នាប់ ដោយសន្តិវិធី និងមានតម្លាភាព ក៏ត្រូវបានគណៈប្រតិភូប្រទេសអាស៊ាន និងប្រទេស ផ្សេងទៀត សម្ដែងការស្វាគមន៍ផងដែរ។



