កែប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។
បើតាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបញ្ជាក់ថា ក្នុងរយៈពេល ១ឆ្នាំ ២០២១ មន្ទីរសម្រេចបានសមិទ្ធផលរូបវន្តធំៗ ចំនួន ៦គម្រោង ដែលរួមមាន៖
*១-គម្រោងសាងសង់ស្ថានីយថ្លឹងរថយន្ត ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ
*២-គម្រោងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវលេខ ១៣៣៥ ប្រវែង២១៥០ម៉ែត្រ ដោយក្រាលកៅស៊ូ DBST រួមទាំងសំណង់ សិល្បការ្យ ស្ថិតក្នុងស្រុកដំណាក់ចង្អើរ
*៣-គម្រោងជួសជុលផ្លូវលេខ១៣៣២ ពីបេតុងសរសៃដែក ប្រវែង ៧៥០ម៉ែត្រ ទទឹង៩ម៉ែត្រ ក្នុងឃុំពងទឹក រួមទាំងការដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅផ្លូវបំបែកផ្សារដំណាក់ចង្អើរ ក្រុងកែប
*៤-គម្រោងរៀបការ៉ូឡា សម្រាប់ផ្លូវថ្មើរ ជើង តាមផ្លូវ៣៣A ប្រវែង៧០០ម៉ែត្រ ក្រុងកែប
*៥- គម្រោងបន្ទាន់ចំនួន៣ គឺជួសជុលផ្លូវជាតិលេខ៣៣A ពីកៅស៊ូDBST ៤០០០ម៉ែត្រ,សាងសង់លូជ្រុងផ្លូវលេខ ៣៣A និងផ្លូវលេខ១៣៣២។
*៦- គម្រោងថែទាំផ្លូវថ្នល់ជាប្រចាំ ផ្លូវ៣៣ A ផ្លូវ១៣៣២ ផ្លូវ១៣៣៥ លើប្រវែងសរុប ៤០.៣៦ គីឡូម៉ែត្រ ។
ក្រៅពីគម្រោងធំៗដែលមន្ទីរសម្រេចបានក្នុងឆ្នាំ២០២១ ទាំង៦គម្រោងនេះ លោកប្រធានមន្ទីរ ក៏បានបង្ហាញនៅក្នុងរបាយការណ៍នូវការងារស្នូលរបស់មន្ទីរ ដូចជាការចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយាន យន្ត , ការងារផ្តល់បណ្ណបើកបរយាន យន្ត , ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស, ពិនិត្យបច្ចេកទេសយានយន្ត រួមទាំងការងារផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដែលសុទ្ធសឹងទទួល លទ្ធផលល្អប្រសើរ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន ក្នុងឆ្នាំ២០២១ ដែលបញ្ជាក់ឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្តយកចិត្តទុកដាក់ត្រួត ពិនិត្យឱ្យបានម៉ត់ចត់នូវបច្ចេកទេស សាង សង់ថែទាំជួសជុលផ្លូវស្ពាន តាមស្តង់ដារ ប្រកបដោយគុណភាព និងសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឲ្យមន្ទីរជំនាញត្រូវខិតខំជំរុញដល់គណៈកម្មការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ គណៈកម្មការត្រួតពិនិត្យការកែច្នៃយានយន្ត ខុសបច្ចេកទេស និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ខិតខំកែលម្អ ពង្រឹងយន្តការ និងសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ទប់ស្កាត់ឱ្យបាននូវការកែច្នៃយាន្តយន្តខុសបច្ចេកទេសនិងការដឹកជញ្ជូនលើសទម្ងន់។ ពិសេសជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា៕









