ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យមន្រ្តីទូត និងមន្រ្តី តំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពាន លើប្រទេសអ៊ុយក្រែន ជាការរំលោភបំពានពីសំណាក់ ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពី ជំហរ រួមរបស់កម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិ លេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ មុននឹងមានការបញ្ជាបែបនេះ គឺមានការស្នើពីសំណាក់មន្រ្តីសភា ដែលសុំគោលការណ៍ពីសម្តេច ដើម្បីបោះឆ្នោតជាតំណាង១១ សំឡេង សម្រាប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ភ្លាមៗនោះ សម្តេចតេជោ ហ៊ុន សែន បានតបសារដោយបញ្ជាឱ្យ រក្សាជំហរ ដូចដែលកម្ពុជាបានបោះឆ្នោត នៅឯអង្គការសហប្រជា ជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយកម្ពុជាចូលរួមជា ប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេស បន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន។ កម្ពុជាស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ព ចេញ ពីអ៊ុយក្រែន ៕