ប្រធាន គ.ជ.ប. បកស្រាយប្រាំចំណុចជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានទទួលជួបប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំគ.ជ.ប។

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានទទួលជួបប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំគ.ជ.ប។

ប្រភព គ.ជ.ប. បានបញ្ជាក់ថា បន្ទាប់ពីបានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. រួចមក លោក វិទិត មុនតាប៊ន បានស្នើសុំការបកស្រាយពីភាគី គ.ជ.ប.ទៅលើបញ្ហាចំនួនប្រាំចំណុចក្នុងនោះ៖
១- គោលការណ៍តម្លាភាព ដែលធានាឱ្យការបោះឆ្នោតអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ២-ការប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកក្នុងដំណើរការរៀបចំការបោះឆ្នោត ៣- ការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិក្នុងដំណើរ ការរៀបចំការបោះឆ្នោត ៤- ការទទួល និងដោះស្រាយបណ្ដឹងដោយតម្លាភាព និងទី៥-ការបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេស ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះបានបោះឆ្នោត។

ពាក់ព័ន្ធនឹងគោលការណ៍តម្លាភាព ឯកឧត្តមប្រធាន គ.ជ.ប បានឆ្លើយបញ្ជាក់ ដូចខាងក្រោម៖

  • ស្ថាប័ន គ.ជ.ប. ត្រូវបំពេញបេសកកម្មរបស់ខ្លួនដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប.។
  • គ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាន ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងដំណើរការរៀបចំការបោះឆ្នោត មានជាអាទិ៍៖ ការចូលរួមផ្ដល់យោបល់ ឬអនុសាសន៍លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ការដាក់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមតាមដាន និងសង្កេតមើលដំណើរការរៀបចំការបោះឆ្នោត ដែលក្នុងដំណើរការរៀបចំបញ្ជីបោះឆ្នោត មានគណបក្សនយោបាយចំនួន៩ បានដាក់ភ្នាក់ងាររបស់ខ្លួនចំនួន ៥,៨៤០នាក់ សមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦ បានដាក់អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ៤,១៧៩នាក់ ព្រមទាំងអ្នកសារព័ត៌មានក៏ចូលរួមយកព័ត៌មានអំពីដំណើរការនេះផ្សព្វផ្សាយជូនសាធារណជនផងដែរ។ ការពង្រឹងការងារអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត។

ចំណែកការប្រើប្រព័ន្ធអេឡិចត្រូនិកក្នុងដំណើរការរៀបចំការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. បានបញ្ជាក់ថា គ.ជ.ប. នឹងដាក់ឱ្យដំណើរការនូវកម្មវិធីដូចខាងក្រោម៖
• កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់លក្ខខណ្ឌរបស់បេក្ខជនតាមប្រព័ន្ធកុំព្យូទ័រ
•កម្មវិធីផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
• កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។

ទាក់ទងទៅនឹងតម្លាភាពនៃការដោះស្រាយបណ្ដឹង ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថាក្នុងដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ គ.ជ.ប. មានយន្តការទទួល និងដោះស្រាយលើពាក្យបណ្ដឹងបីថ្នាក់ គឺនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ឯកឧត្តមប្រធាន គ.ជ.ប. បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់តម្រូវឱ្យ គ.ជ.ប. រៀបចំការិយាល័យបោះឆ្នោតនៅតាមឃុំ សង្កាត់ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ណាត្រូវអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់នោះ។ គ.ជ.ប.បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសឱ្យអញ្ជើញមកបោះឆ្នោតនៅក្នុងប្រទេស ដោយធ្វើការផ្សព្វផ្សាយតាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply