វ៉ាស៊ីនតោន៖ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើមន្ទីរពេទ្យសម្ភព និងកុមារក្នុងទីក្រុង ម៉ារីប៉ូល (Mariupol) បានបង្កឱ្យមានការថ្កោលទោសទូទាំងពិភពលោក ខណៈអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានអំពាវនាវឱ្យមានការស៊ើបអង្កេតបទឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។
អនុប្រធានាធិបតីអាមេរិករូបនេះ កំពុងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសប៉ូឡូញ និងរូម៉ានី ដើម្បីពិភាក្សាជាមួយសម្ពន្ធមិត្តអំពីការវាយលុករបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកស្រី ហារីស នៅថ្ងៃព្រហស្បតិ៍បានជួបជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញលោក ម៉ាតេអ៊ូស ម៉ូរ៉ាវីអេស្គី ដើម្បីជួយសម្របសម្រួលការឆ្លើយតបជាអន្តរជាតិ ចំពោះជម្លោះដែលបាននាំឱ្យជនភៀសខ្លួនជាង ២លាននាក់ភៀសខ្លួនចេញពីអ៊ុយក្រែន រួមទាំងជាង ១.២លាននាក់ដែលបានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញដែលនៅជិតខាង។
បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ជេន សាគី បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកជនចំណាកស្រុកដែលភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ប៉ុន្តែរំពឹងថា ប្រជាជនអ៊ុយក្រែនភាគច្រើននឹងទៅអឺរ៉ុប ដោយលើកយកប្រទេសប៉ូឡូញជាឧទាហរណ៍៕



