ខេត្តព្រះសីហនុ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តបញ្ចប់ឱ្យបានជាមូលដ្ឋាននូវឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅខេត្តព្រះសីហនុ ហើយធ្វើយ៉ាងណាបញ្ចប់ឱ្យបានមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានណែនាំអាជ្ញាធរខេត្តព្រះសីហនុ ត្រូវធ្វើយ៉ាងណាឱ្យខេត្តរបស់ខ្លួនមានការរីកចម្រើន ដើម្បីចូលរួមចំណែកអភិវឌ្ឍដល់ខេត្តផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។
សម្ដេចក្រឡាហោម ក៏បានគាំទ្រស្មារតីនៃកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គសន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបញ្ចប់ឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅខេត្តព្រះសីហនុ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «យើងរួមគ្នាប្ដេជ្ញាថា បញ្ចប់បញ្ហានេះ បញ្ចប់ឱ្យបានជាមូលដ្ឋាននូវឧក្រិដ្ឋកម្ម ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ នេះជាការប្ដេជ្ញាចិត្តរបស់យើង។
សម្ដេចក្រឡាហោម បានពន្យល់ថា នៅពេលផ្សព្វផ្សាយរូបភាពជុំវិញពិភពលោកចំពោះឧក្រិដ្ឋកម្ម នៅប្រទេសកម្ពុជា អ្នកមើលប្រាកដជាគេថា « ម៉េចកម្ពុជាយ៉ាប់ម៉េស?» មានអ្នកប្លន់ ចាប់ជំរិត គំរាមកំហែង អំពើហិង្សា ពេញខេត្តព្រះសីហនុ។ ដូច្នេះ ត្រូវរួមគ្នាដោះស្រាយឱ្យបានជាមូលដ្ឋាន នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុន។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំអាជ្ញាធរគ្រប់លំដាប់ ត្រូវបន្ដបង្ក្រាបបទល្មើគ្រឿងញៀន ព្រោះថា ខេត្តព្រះសីហនុ ជាច្រកមួយនាំទំនិញ ចេញ-ចូល ដ៏សំខាន់ ៕



