សេអ៊ូល៖ បេក្ខជនអភិរក្សនិយមមកពីគណបក្សប្រឆាំង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) នៅថ្ងៃពុធ ទី៩ខែមីនាសប្តាហ៍នេះ បានទទួលជ័យជម្នះនៅក្នុងការ បោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង។ នេះបើតាមទី ភ្នាក់ងារសារព័ត៌មានកូរ៉េ យ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍នេះ។
លោក យូន ស៊ុក យ៉ុល បានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េ ខាងត្បូងថ្មី បន្ទាប់ពីបានជ័យជម្នះ លើគូប្រជែងរបស់លោក មកពីគណបក្សកាន់អំណាចគឺ លោក លី ជេ ម្យុន (Lee Jae-myung)។ ក្រោយទទួលបានជ័យជម្នះ លោក យូន ស៊ុក យ៉ុល បានសន្យាថា លោកនឹងតម្កល់ឯកភាពជាតិជា អាទិភាព ហើយនឹងដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
បើតាមការគ្រោងទុកនោះ លោក យូន នឹងត្រូវ ឡើងកាន់ តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ដោយមានអាណត្តិ ៥ឆ្នាំ ជំនួសលោក មូន ចេអ៊ីន នៅខែឧសភាខាងមុខនេះ។
គួរបញ្ជាក់ថា យោងតាមការរាប់សន្លឹកឆ្នោតបាន ៩៨ភាគរយ បានបង្ហាញថា លោក យូន ទទួលបានសំឡេងគាំទ្រ ៤៨,៦ ភាគរយ ក្នុងគ្រាដែលគូប្រជែងរបស់លោក គឺលោក លី ទទួល បានសំឡេងគាំទ្រ ៤៧,៨ភាគរយ។ ជាមួយគ្នានេះ លោក លី ក៏បានទទួលស្គាល់បរាជ័យ ហើយចូលរួម អបអរសាទរ ដល់លោក យូន ផងដែរ៕