ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់ ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្តី្រមេម៉ាយកូនច្រើន ជនពិការ ចំនួន ៤០គ្រួសារ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និង ការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ដូច្នេះសូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះសូមកាត់បន្ថយការជួបជុំ ឬ ការប្រមូលផ្តុំដែលមានមនុស្សច្រើន និង ត្រូវអនុវត្តវិធានការ ៣កុំ និង ៣ ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន អង្ករ មី ទឹកត្រី ទឹកសុីអ៊ីវ ម៉ាស់ ជែលលាងដៃ និងទឹកសុទ្ធ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ៕






