ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ កើនឡើង ១០ភាគរយ

របាយការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃក្នុងឆ្នាំ២០២១ សម្រេចបានទឹកជិត ៨ពាន់លានដុល្លារ កើនឡើង ១០% ខណៈរដ្ឋាភិបាលថៃបានដាក់ផែនការបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានពី ៥%ទៅ ៧%។

ភ្នំពេញ ៖ របាយការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃក្នុងឆ្នាំ២០២១ សម្រេចបានទឹកជិត ៨ពាន់លានដុល្លារ កើនឡើង ១០% ខណៈរដ្ឋាភិបាលថៃបានដាក់ផែនការបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានពី ៥%ទៅ ៧%។

យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ទឹកប្រាក់សរុបនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២១ មានទំហំប្រមាណ ៧.៩៧ពាន់លានដុល្លារ កើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃ ៧.២៣ពាន់លានដុល្លារ។ ការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ៨៩៤លានដុល្លារ បានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ១.១៥ពាន់លានដុល្លារ។

ចំណែកការនាំចូលពីថៃមកកម្ពុជាវិញ បានកើនឡើង ១៦% ពីទឹកប្រាក់ ៦.១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៧.១ពាន់លានដុល្លារនៅឆ្នាំ២០២១។ ប្រភេទមុខទំនិញដែលកម្ពុជាបានលក់ទៅកាន់ប្រទេសថៃ មានផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ហើយបានទិញចូលមកវិញនូវថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ដ៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និងសម្ភារៈសំណង់។

នៅឆ្នាំ២០២២នេះ រដ្ឋាភិបាលថៃគ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនពី ៥% ទៅ ៧% ថែមទៀត បន្ទាប់ពីសម្រេចបានទឹកប្រាក់ ១.៧ទ្រីលានបាតនៅឆ្នាំ២០២១ កើនឡើង ៣០% បើធៀបនឹងឆ្នាំ២០២០។ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន រដ្ឋាភិបាលថៃនឹងបន្តធ្វើការជាមួយទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងាររាជរដ្ឋាភិបាល និងវិស័យឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីកំណត់ពីសក្តានុពល និងទីតាំងរបស់អតិថិនជនក្នុងទីផ្សារថ្មី។

លើសពីនេះ រដ្ឋាភិបាលថៃក៏គ្រោងនឹងបើកច្រកទ្វារអន្តរជាតិទាំង ១២ទីតាំងជាមួយប្រទេសជិតខាងឡើងវិញ បន្ទាប់ពីបានបិទដោយសារតែជំងឺកូវីដ១៩ នាពេលកន្លងមក បន្ថែមលើច្រកទ្វារអន្តរជាតិចំនួន ៣៨ ដែលកំពុងដំណើរការ៕

Leave a Reply