កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងធ្វើឡើងនៅកម្ពុជា ពីថ្ងៃទី១៥-១៧ កុម្ភៈ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

ក្រសួងការបរទេសកម្ពុជា បានប្រកាសផ្លូវការនៅថ្ងៃនេះ អំពីការរៀបចំ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ពីថ្ងៃទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ។

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសផ្លូវការនៅថ្ងៃនេះ អំពីការរៀបចំ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ពីថ្ងៃទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ។

ប្រភពខាងលើបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំ កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីនេះ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស អាស៊ាន នឹងពិនិត្យមើលឡើងវិញ នូវការសម្រេចនានារបស់ថ្នាក់ដឹកនាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ ប្តូរទស្សនៈគ្នាលើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់ មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាង សហគមន៍អាស៊ានមួយ ដែលកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំ អំពី សមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាព ជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហា ប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន៖ ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង ដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែង ភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន៕

Leave a Reply