លោកស្រី លី អាយលែន បានអំពាវនាវឱ្យប្រជាជន កម្ពុជា ទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅ ចាក់វ៉ាក់សាំង ឱ្យបានពេញលេញនៅពេលដល់វេន

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពេលដល់វេន ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើគ្រប់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នោះអ្នកទាំងអស់គ្នាអាចកាត់បន្ថយការឆ្លងរាលដាលបាន ។

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពេលដល់វេន ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើគ្រប់គ្នាត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ នោះអ្នកទាំងអស់គ្នាអាចកាត់បន្ថយការឆ្លងរាលដាលបាន ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន បានអំពាវនាវបែបនេះ តាមរយៈគេហទំព័ររបស់អង្គការសុខភាពពិភពលោក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏បានពន្យល់អំពីរឿង ៣យ៉ាងពាក់ព័ន្ធនឹងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ដែលបាននិងកំពុងឆ្លងរាលដាល យ៉ាងលឿននៅទូទាំងសាកលលោក។ ឥឡូវនេះយើងមានករណីឆ្លងនៅក្នុងសហគមន៍នៅប្រទេសកម្ពុជាហើយ ខណៈពេលដែលយើងកំពុងសិក្សាបន្ថែមអំពីមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង និងប្រភេទផ្សេងទៀតនៅឡើយ ក្នុងនោះយើងដឹងអំពីរឿង ៣យ៉ាងអំពីមេរោគបំប្លែងខ្លួនថ្មីនេះ ៖


ទី១៖ អូមីក្រុងងាយឆ្លងខ្លាំង ហើយឆ្លងខ្លាំងជាងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតាទៅទៀត ហេតុដូច្នេះហើយយើងទំនងជានឹងមានករណីឆ្លងអូមីក្រុងច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយករណីឆ្លងទំនងជានឹងបន្តកើនឡើង។


ទី២៖ អូមីក្រុងហាក់ដូចជាបង្កឱ្យមានជំងឺកូវីដ-១៩ ដែលមានលក្ខណៈស្រាលជាងដែលតា ក៏ប៉ុន្តែអូមីក្រុងនៅតែជាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់មួយ ជាពិសេសចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង និងចំពោះអ្នកដែលងាយរងគ្រោះដូចជាមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។


ទី៣៖ វ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកបានអនុវម័តបញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងគ្រាអាសន្ន នៅតែមានប្រសិទ្ធភាពទប់ស្កាត់មិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ សម្រាកនៅមន្ទីរពេទ្យ និងបាត់បង់ជីវិត ប៉ុន្តែមានការថមថយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងរបស់មេរោគ និងការចម្លងទៅអ្នកផ្សេងទៀត។ នេះមានន័យថាវ៉ាក់សាំងទាំងអស់នោះ ហើយនិងការចាក់វ៉ាក់សាំងនៅតែជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់បំផុតផ្សេងទៀត ប៉ុន្តែវ៉ាក់សាំងណាមួយក៏ដោយតែឯកឯងមិនអាចការពារអ្នក គ្រួសារអ្នក និងសហគមន៍អ្នកបានពេញលេញពីមេរោគកូវីដ-១៩ឡើយ ។

លោកស្រី លី អាយលែន បានបន្តទៀតថា ដើម្បីកាត់បន្ថយការចម្លងនៃមេរោគកូវីដ-១៩ និងករណីជំងឺធ្ងន់ធ្ងរ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ឱ្យអនុវត្តយុទ្ធសាស្រ្តសំខាន់ចំនួន ៥រួមបញ្ចូលគ្នា។ យុទ្ធសាស្រ្តទាំង ៥នោះ គឺស្របតាមយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងពីការរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានមេរោគកូវីដ-១៩។ «ការទប់ស្កាត់មិនឱ្យមានការចម្លងទ្រង់ ទ្រាយធំនិងរស់នៅជាមួយនឹងវត្តមានមេរោគកូវីដ-១៩» មិនមានន័យថា «យើងត្រូវបោះបង់វិធានការការពារមេរោគកូវីដ-១៩ទាំងអស់ចោលនោះទេ»។ ពុំមានកាលៈទេសៈណាដែល «គ្មានហានិភ័យទាំងស្រុង» ក្នុងការឆ្លងជំងឺកូវីដ-១៩នោះទេ ប៉ុន្តែយើងទាំងអស់គ្នាមានបំណងធ្វើឱ្យហានិភ័យនៅកម្រិតដែលអាចគ្រប់គ្រងបាន។ យុទ្ធសាស្រ្តទាំង៥នោះរួមមាន៖ ទី១. គឺវ៉ាក់សាំង និងការចាក់វ៉ាក់សាំង, ទី២៖. គឺវិធានការសុខភាពសាធារណៈ និងសង្គម, ទី៣. គឺការផ្តល់សេវាថែទាំសុខភាពសមស្របឱ្យចំអ្នកជំងឺ និងចំកន្លែងព្យាបាល, ទី៤. គឺការរកឃើញករណីបានឆាប់រហ័ស និងការឆ្លើយតបចំគោលដៅ និងទី៥. គឺអភិក្រមដោយផ្អែកលើហានិភ័យសម្រាប់វិធានការគ្រប់គ្រងព្រំដែន និងការធ្វើដំណើរអន្តរជាតិ។ យុទ្ធសាស្រ្តទាំង៥នេះ មានគោលដៅជួយដល់មន្ត្រីសុខាភិបាលក្នុងការធ្វើឱ្យជំងឺកូវីដ-១៩ក្លាយទៅជាជំងឺដែលឆ្លងក្នុងទ្រង់ទ្រាយអង់ដេមិក (endemic) ចំណែកប្រជាជនទាំងអស់គ្នាអាចធ្វើចំណែក ដោយត្រូវអនុវត្តវិធានការពាក់ព័ន្ធនានានៅក្នុងជីវិតប្រចាំថ្ងៃ ហើយអាចគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។

យើងទាំងអស់គ្នាដឹងនូវអី្វដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការចម្លង ដូច្នេះហើយចូរយើងទាំងអស់គ្នាត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការកើនឡើងណាមួយនៃករណីឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើយើងអនុវត្តតាមគោលការណ៍ណែនាំនានា នោះយើងអាចជួយគ្នាក្នុងការបើកដំណើរសេដ្ឋកិច្ចកម្ពុជាឡើងវិញប្រកបដោយសុវតិ្ថភាព និងនិរន្តរភាព ៕

Leave a Reply