ខេត្តកែប ៖ អគារបណ្ណាល័យ ១ខ្នង ក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែនក្រុងកែប ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ឡើង ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងគោលបំណងចូលរួមជំរុញការអាន និងលើកកម្ពស់វិស័យអប់រំនៅខេត្តកែប ។
អគារបណ្ណាល័យ ដែលនឹងត្រូវសាងសង់នេះ មានទំហំ ១២ម៉ែត្រ ×៦ម៉ែត្រ គ្រោងចំណាយថវិកាជិត ២ម៉ឺនដុល្លារអាមេរិក នឹងត្រូវបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២២នេះ ។ គម្រោងនេះគឺប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម សោម ពិសិដ្ឋ និងលោកជំទាវ ស ម៉ាលីដា និងមានការចូលរួមថវិកាពីប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍ថា បន្ទាប់ពីការកសាងអគារបណ្ណាល័យរួចហើយ បណ្ណាល័យនេះនឹងត្រូវបំពាក់សៀវភៅ ឯកសារ សម្ភារបរិក្ខារផ្សេងៗ ដើម្បីបម្រើឱ្យការអាន និងកិច្ចការស្រាវជ្រាវឯកសារមេរៀនផ្សេងៗរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាប្រយោជន៍សាធារណៈក្នុងការជួយចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់វិស័យអប់រំ នៅក្នុងខេត្តកែប ក៏ដូចជាតាមបណ្តាសាលានានាទូទាំងខេត្ត ។
ឯកឧត្តមបានផ្តាំផ្ញើរដល់សិស្សនុសិស្សត្រូវ ខិតខំរៀនសូត្រ កាត់ផ្តាច់អំពើអបាយមុខផ្សេងៗ កាត់ផ្តាច់ពីគ្រឿងញាណ និងគោរបច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ ពិសេសនេះត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប្រចាំ ៕









