រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសច្រានចោលភ្លាមៗ នូវសំណើរបស់បេក្ខជនប្រឡងធ្លាក់សញ្ញាបត្រមមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលហ៊ានចូលស្នើសុំនាយករដ្ឋមន្ត្រីឱ្យជួយដល់ខ្លួនបានជាប់វិញ ។
ការឆ្លើយតបរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្រោយពីមានបេក្ខជនប្រឡងបាក់ឌុបធ្លាក់ជាច្រើនរូបបានស្នើសុំសម្តេចជួយសម្រួលពិនិត្យការកែវិញ្ញាសារឡើងវិញ ខណៈខ្លះទៀតក៏បានស្នើសុំសម្តេចសម្របសម្រួលឱ្យខ្លួនបានជាប់តែម្តង ។ តែយ៉ាងណាមិញ សម្តេចលោកបានបញ្ជាក់ថា ការប្រឡងគឺជារឿងចាំបាច់ ហើយបើកូនៗចៅៗរៀនចេះ គឺពិតជាប្រឡងជាប់ ។ចំពោះសំណើរ «សុំជាប់បាក់ឌុប» សម្តេចនាយករដ្ឋមន្ត្រីបានឆ្លើយតបក្នុងប្រអប់ខមិន «បដិសេធ» ចោលតែម្តង ។
បេក្ខជនប្រឡងបាក់ឌុបធ្លាក់ម្នាក់ បានប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ ថា Anji Naya បានស្នើសុំសម្តេចយ៉ាងដូច្នេះថា
«ជម្រាបសួរលោកតាសម្តេច បើចៅប្រលងធ្លាក់ តើមានការយោគយល់បន្តិចទេ លោកតាចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង» ។
ភ្លាមៗ សម្តេចនាយករដ្ឋមន្ត្រីបានឆ្លើយតបថា ៖ «បើប្រឡងធ្លាក់ហើយ បែរជាមានការយោគយល់ឱ្យជាប់ យើងមិនបាច់ប្រឡងទេនាំអស់លុយ និងកម្លាំង ។ សូមចៅខិតខំរៀន ដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត»។ ទោះបីមានជំងឺកូវីដកំពុងវាយលុកនៅក្នុងប្រទេសកម្ពុជាក្តី ការប្រឡងបាក់ឌុបឆ្នាំសិក្សា២០២០-២០២១នេះ បេក្ខជនមិនត្រូវបានសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិទៀតទេ ដែលខុសពីឆ្នាំមុន បេក្ខជនប្រឡងទាំងអស់ ត្រូវបានសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយគ្មានបែងចែងនិទ្ទេស ។
សម្រាប់បាក់ឌុបឆ្នាំសិក្សា ២០២០-២០២១នេះ ដែលសម័យប្រឡងបាក់ឌុបនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់ ចំនួន៧២០១៦នាក់ ដែលស្មើនឹង៦៥,៦៥ភាគរយ ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានឲ្យដឹងថា ថវិកាសម្រាប់ចំណាយក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ មានទឹកប្រាក់សរុបចំនួន ២១ ១៩១.៩លានរៀល ស្មើនឹងជាង ៥លានដុល្លារអាមេរិក ។
ការចំណាយនេះ គឺសម្រាប់ឧបត្ថម្ភលើគណៈកម្មការនានាក្នុងកិច្ចដំណើរការប្រឡងដែលមាន៤ដំណាក់កាល រួមមាន ការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ ដោយកុំព្យូទ័រ ។ ក្រោយការប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម ដោយបានចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស ។
សម្តេចនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះបេក្ខជនដែលបានជាប់និទ្ទេសA ទាំងអស់ ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់ ។ ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ២០២០ដែលឱ្យជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩ ។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ «ឆ្នាំនេះខ្ញុំ និងជួបជាមួយចៅ ៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់ និងទទួលបាននិទ្ទេសA ។ ពេលវេលា និងទីកន្លែងជួបនិងជម្រាបតាមក្រោយ តាមរយៈរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន» ។
ចំណែក នៅថ្ងៃទី១៧ មករា គេក៏ឃើញមានបេក្ខជនដែលប្រឡងធ្លាក់បានធ្វើការតវ៉ាចំពោះលទ្ធផលរបស់ខ្លួន នៅមុខក្រសួងអប់រំយុវជន យុវជន និងកីឡា ប្រមាណ២០០នាក់ ។
យ៉ាងណាក្តីគេមិនទាន់ឃើញមានការឆ្លើយតបពីក្រសួង អប់រំ យុវជន និងកីឡានោះទេ ។ ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងអះអាងថា អ្វីៗគឺត្រូវធ្វើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលស្នើបេក្ខជនប្រឡងធ្លាប់ខំរៀន ដើម្បីប្រឡងឆ្នាំក្រោយទៀត ។
សូមជម្រាបថាបេក្ខជនប្រឡងបាក់ឌុបជាប់ឆ្នាំ២០២១មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែ លទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។
បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់កណ្តាល ១២៧ នាក់បាត់ដំបង ១២៣ នាក់កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕