ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ លេីកឡេីងថា ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ មានន័យថាប្រជាពលរដ្ឋត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា និងនៅក្នុងគ្រួសារ ។
លោកជំទាវ ក៏លេីកទឹកចិត្ត ដល់យក្មួយៗសិស្សានុសិស្ស សម្រាប់បវេសនការថ្មីនេះ ត្រូវខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។ ក្រៅពីការសិក្សានៅសាលារៀន ក្មួយៗ គួរឆ្លៀតពេលរៀនជំនាញបច្ចេកទេស ធ្វើការដាំដុះបន្លែ ដំណាំហូបផ្លែ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងបង្កើនជំនាញសម្រាប់ខ្លួនឯង
ក្នុងឱកាសនោះដែរ លោកជំទាវបានកោតសរសើរដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំមន្ទីរអប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពី បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ទោះឋិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការបង្រៀនផ្ទាល់និងការបង្រៀន ពីចំងាយ (អនឡាញ ) ។
លោកជំទាវអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ហើយខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ជាធនធានមនុស្សជួយសង្គមអោយមានការរីកចម្រើន ។ លោកជំទាវបានបន្តថា ដើម្បីចៀសបានពីស្លាប់ដោយវីរុសកូវីដ១៩ បំលែងថ្មី (អូមីក្រុង) ក្មួយៗត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា ដូច្នេះសូមក្មួយៗ លោកគ្រូអ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រៀមខ្លួនសម្រាប់ដូសទី៤ផងដែរ។
យោងតាមរបាយកាណ៍ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្តនឹងដំណេីរការរៀន និងបង្រៀន មានមធ្យមសិក្សា៩កន្លែង វិទ្យាល័យចំនួន០២ កន្លែង និងអនុវិទ្យាល័យ ចំនួន០៧កន្លែង
មានសិស្សសរុប៥៧២៣នាក់ ក្នុងនោះស្រី៣១១៦នាក់ បឋមសិក្សាសាធារណៈ និងឯកជន ចំនួន៥៦សាលា មានសិស្សសរុប ១១៧៥៤ ស្រី ៥៦៩៥នាក់ មេតេយ្យសាធារណៈ មត្តេយ្យសហគមន៍ និងមត្តេយ្យឯកជន ២០៦០នាក់ ស្រី ៨៣៧នាក់។ បុគ្គលិកអប់រំសរុប ៨២៥ នាក់ ស្រី ៤០១នាក់។
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney