ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់ មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ។
សម្ដេចតេជោហ៊ុនសែនបានលើកឡើងដូច្នេះថា៖ ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
សម្ដេចតេជោបានបន្តថា អាស៊ាន និងដៃគូដែលចង់ចូលរួមក៍ដូចជាមីយ៉ាន់ម៉ាខ្លួនឯង នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយ និងការផ្តល់ជំនួយ មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ១៩។
ឆ្លៀតឱកាសនេះ សម្ដេចតេជោបានបញ្ជាក់ជូនផងដែរថា ថ្ងៃនេះ គឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់ ២៧ឆ្នាំផង ហើយដែលអាចចាត់ទុកថា ជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រី ត្រូវធ្វើការដឹកនាំនយោបាយទាំងក្នុង និងក្រៅប្រទេស។ ដូចនេះ ខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ៕
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney