រាជធានីភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានសន្យា ផ្តល់ការគាំទ្រដល់ប្រេសិតពិសេស ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ០៥ ចំណុច ស្របតាមធម្មនុញ្ញអាស៊ាន ។ នេះបើយោងតាមសេចក្តីប្រកាសរួម ស្ដីពី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ០៥ ចំណុច គួរតែជាការបំពេញបន្ថែមដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវ ០៥ចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យ នៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នា ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។
ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស នៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា ។
សូមជម្រាបថា កាលពីចុងឆ្នាំ២០២១ ខណៈដែលភូមាខ្លួនឯង បានធ្វើពហិការកិច្ចកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត ចំនួន ០៣លើករួចមកហើយ ដោយសារតែអាស៊ាន៩ទៀត មិនសប្បាយចិត្តស្វាគមន៍ មេដឹកនាំយោធាភូមា លោក មីន អោងឡាំង ដែលបានសន្យាខ្យល់ លើកិច្ចកិច្ចព្រមព្រៀងកិច្ចព្រមព្រៀង ៥ចំណុច 5-Point Consensus រួមមាន ៖
១. បញ្ឈប់ជាបន្ទាន់ នៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា
២. សន្ទនាក្នុងន័យស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ
៣. សម្របសម្រួលដោយបេសកជន នៃប្រធានអាស៊ាន ដោយមានជំនួយពីអគ្គលេខាធិការ
៤. ជំនួយមនុស្សធម៌ ដែលផ្តល់ដោយមជ្ឈមណ្ឌល AHA របស់អាស៊ាន
និងទី៥. ដំណើរទស្សនកិច្ចរបស់បេសកជនពិសេស និងគណៈប្រតិភូ ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់ ៕
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney