ភ្នំពេញ៖ របាយការណ៍ស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២» របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។
វិស័យសំណង់ និងអចលនទ្រព្យរំពឹងថា នឹងកើនឡើងជាសន្សឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។ ចំពោះវិស័យកសិកម្មដែលស្របយកកម្លាំងការងារជិត១/៣ នៃកម្លាំងការងារសរុប ត្រូវបានរំពឹងថា នឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១។ ធនាគារជាតិនៃកម្ពុជាបានបន្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្ម ជាពិសេសកសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្តល់កាលានុវត្តភាព សម្រាប់ការធ្វើពាណិជ្ជកម្មសេវា និងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សម្រាប់ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជានឹងបន្តដាក់ចេញគោលនយោបាយគាំទ្រនានា សំដៅបន្តពង្រឹងការចូលរួមរបស់ប្រព័ន្ធធនាគារ ក្នុងការគាំទ្រការងើបឡើងវិញ នៃសេដ្ឋកិច្ចព្រមទាំងរក្សាស្ថិរភាពថ្លៃ និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងការផ្តល់នូវកាលានុវត្តភាព នៃឌីជីថលូបនីយកម្មដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ប្រព័ន្ធធនាគារនឹងចាប់យកឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីធ្វើទំនើបកម្មសេវា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ស្របតាមគន្លងប្រក្រតីថ្មី និងដើម្បីរួមចំណែកគាំទ្រក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១ -២០៣៥របស់រាជរដ្ឋាភិបាល៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗhttps://t.me/lorsovanney