(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង និងរដ្ឋបាលព្រៃឈើ បានរួមគ្នា ដាក់ឱ្យដំណើរការ ជាផ្លូវនូវ អគារស្ថានីយ៍ស្រាវជ្រាវ ព្រៃឈើ មួយកន្លែង នៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ក្នុងគោលបំណង ដើម្បីរៀបចំឲ្យមានប្រព័ន្ធ អេកូឡូស៊ី ព្រៃឈើ ដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ ប្រកបដោយ និរន្តរភាព។
ការដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ស្រាវជ្រាវព្រៃឈើនេះ ត្រូវបាន លោក អ៊ុក ភ័ក្ត្រា អភិបាលរង ខេត្តកោះកុង បានលើកឡើង នៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ថាៈ ការសាងសង់ អគារស្ថានីយ៍ នេះដែរ គឺមានលក្ខណៈ ពិសេសមួយ សម្រាប់រៀបចំឲ្យមានប្រព័ន្ធ អេកូឡូស៊ីព្រៃឈើមួយ ដែលធន់ទៅ នឹងការប្រែប្រួល អាកាសធាតុ ប្រកបដោយនិរន្តរភាព ដែលអាចផ្តល់ការងារ និងប្រាក់ចំណូល ដល់ ប្រជាសហគមន៍ នៃរបៀងអភិរក្សជីវៈចម្រុះ នៅប្រទេស កម្ពុជា។
លោកអភិបាលរងខេត្ត បានពន្យល់ទៀតថាៈ តាមរយៈគម្រោងមិនធ្លាប់មាន មួយនេះ បានផ្ដោតជាសំខាន់ទៅលើៈ ទី១.ផ្ដល់សិទ្ធិអំណាច ដល់សហគមន៍ ក្នុងការគ្រប់គ្រង ធនធានព្រៃឈើ តាមរយៈ ការកំណត់ព្រំប្រទល់ ការរៀបចំផែន ការគ្រប់គ្រងព្រៃឈើ និងការទទួលស្គាល់ស្រប ច្បាប់ អំពីដំណើការបង្កើត សហគមន៍ តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ។ ទី២.ការដាំស្តារឡើងវិញ ក្នុងដែនជម្រកសត្វព្រៃ និងដីព្រៃ រេចរិល តាមរយៈការដាំ កូនឈើ និងការថែ រក្សាដំណាំធម្មជាតិ។ ទី៣. ធ្វើឱ្យប្រសើរឡើងវិញ នូវជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូល តាមរយៈការផ្តល់មូលនិធិ អភិវឌ្ឍន៍ភូមិ និងការផ្តល់ហេដ្ឋារចនា សម្ព័ន្ធខ្នាតតូច និងទី៤. បង្កើតការងារ រយៈពេលខ្លី ដល់គ្រួសារ ក្នុងសហគមន៍ តាមរយៈការអនុវត្តសកម្មភាព ដោយទុកជា ប្រយោជន៍សាធារណៈ ប្រយោជន៍សហគមន៍ និងទុកជាផលប្រយោជន៍ របស់បងប្អូន ផ្ទាល់តែម្តង។
លើសពីនេះ លោក អ៊ុក ភ័ក្ត្រា ក៏ស្នើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេសគឺ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីនេះ មេត្តាជួយថែរក្សា នូវសមិទ្ធផលនេះ អោយបានគង់វង្ស ទៅថ្ងៃអនាគត។
គួរជម្រាបថា អគារស្ថានីយ៍ស្រាវជ្រាវ ព្រៃឈើជីខលើ ដែលខេត្តកោះកុង ទទួលបាន មកពីគម្រោងជំនួយឧបត្ថម្ភ ឥតសំណងរបស់ ធនាគាអភិវឌ្ឍន៍អាស៊ី (ADB Gran 0241 CAM(SF) តាមរយៈគម្រោងរបៀងអភិរក្សជីវៈចម្រុះ មហាអនុតំបន់ ទន្លេមេគង្គកម្ពុជា ដូចមាន ក្នុងរបាយការណ៍ វឌ្ឍនភាពនេះស្រាប់។
ស្រុកស្រែអំបិល បច្ចុប្បន្ន កំពុងតែមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ទាំងវិស័យ សេដ្ឋកិច្ច និងសង្គមកិច្ច ដោយមានវិស័យវិនិយោកឯកជន និងការធ្វើ ពាណិជ្ជកម្ម ជួញដូរជាច្រើន ហើយមានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀន វត្តអារាម និងតំបន់អេកូទេសចរណ៍ ។ល។
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney