កំពង់ធំៈ ខេត្តកំពង់ធំ បានជាប់ចំណាត់ថ្នាក់លេខ១ ទូទាំង ២៥ រាជធានី ខេត្ត លើផ្នែកសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា។ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានចូលរួម អបអរសាទរ និងកោតសរសើរ ហើយសូមអោយខិតខំបន្តទៀត ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលាក្រុងស្ទឹងសែន ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច និងចូលកាន់ តំណែង លោក ខ្ចៅ ប៊ុនហ៊ីម ជាអភិបាលរង ក្រុងស្ទឹងសែន ជំនួស លោក ទង់ គឹមតុល ដែលបានត្រូវផ្ទេរ ទៅជាអភិបាល ស្រុកប្រាសាទសំបូរ ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខេត្តកំពង់ធំ មានផ្ទៃដីកសិកម្ម ច្រើន ហើយយើងឃើញថា មន្ត្រីជំនាញកសិកម្ម បន្តអនុវត្តការងារ ផ្សព្វផ្សាយដល់ ប្រជាកសិករយើង ឲ្យដល់ទីកន្លែង ។
ឯកឧត្តមបានបន្តថាៈ ចំណែកការងារសន្តិសុខ ឃើញថា មានស្ថានភាពល្អប្រសើរ ទាំងអស់នេះ ដូចការខិតខំរបស់ជំនាញពាក់ព័ន្ធ កងកម្លាំង រក្សានូវសុខសន្តិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ ។ ប្រាក់បៀវត្ស ដែលទទួលបាន ពីរាជរដ្ឋាភិបាល គឺជាផ្នែកមួយ នៃការប្រមូលពន្ធ ពីប្រជាពលរដ្ឋ ដូច្នេះហើយមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់រូប ឲ្យតម្លៃប្រាក់បៀវត្ស ទាំងអស់នោះ មកបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយគ្មានការនឿយហត់ឡើយ។
ឯកឧត្តម ងួន រតនៈ បានបន្តថាៈ ឆ្នាំថ្មីជិតមកដល់ហើយ អ្វីដែលនៅសេសសល់ នៅឆ្នាំចាស់ សូមមន្ត្រីរាជការ ថ្នាក់ក្រោមទាំងអស់ ពន្លឿនការងារ ឲ្យបានឆាប់រហ័ស ព្រោះឆ្នាំថ្មី ទទួលផែនការថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិ បាល ដើម្បីអភិវឌ្ឍន៍ក្នុងខេត្តកំពង់ធំយើង អោយមានការរីកចំរើន ។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថាៈ បញ្ហាទំនាស់ផ្សេងៗ សូមពន្លឺនៃ ការដោះស្រាយ ឲ្យបានឆាប់រហ័ស អញ្ជើញភាគីទាំងសងខាង មុខដោះស្រាយគ្នា ក្រៅប្រព័ន្ធតុលាការ ឬ ក្នុងប្រព័ន្ធតុលាការ ក៏ដោយ កុំទុកឲ្យកាន់តែយូរអោយសោះ ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថាៈ ចំណែករឿងដី នៅតំបន់ ២ គឺគ្មានសិទ្ធិ លក់ដូរ បែងចែក ប្រគល់សិទ្ធិកាន់កាប់បានឡើយ គឺមានសិទ្ធិត្រឹមតែអាស្រ័យផល តែប៉ុណ្ណោះ។ អាស្រ័យផលត្រង់ចំណុចណា គឺនៅត្រង់នោះ ហាមមានការកាប់ទន្ទ្រាន ព្រៃលិចទឹក បន្ថែមទៀតជាធរមាន មិនដូច្នេះ រដ្ឋបាលខេត្តចាត់ការតាមនិតិវិធីច្បាប់។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាៈ ម្យ៉ាងទៀត ចំពោះប្រជាពលរដ្ឋ ប្រជាកសិករ ដែលបានសាបព្រោះពូជស្រូវ កន្លងមកនេះ បានធ្វើសកម្មភាព សាបព្រោះពូជស្រូវ មុនថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ អនុញ្ញាតឱ្យប្រមូលផល បានធម្មតា នៅពេលដែលដល់ រដូវច្រូតកាត់ ។ បញ្ចប់ការច្រូតកាត់ រួចរាល់ហើយ គឺមិនអនុញ្ញាតឲ្យបន្តសកម្មភាពទៀតឡើយ។ រដ្ឋបាលខេត្តកំពង់ធំ នឹងចាប់ផ្ដើម ដាំកូនឈើចម្រុះ បន្ថែមទៀត។
ឯកឧត្តម ងួន រតនៈ បានសង្កត់ធ្ងន់ថាៈ លើសពីនេះទៀត ត្រូវការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ លុបបំបាត់ចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងទប់ស្កាត់ការបង្ក្រាបបទល្មើសនានាជាដើម។
លោកបានព្រមានថា មន្ត្រីមានសមត្ថកិច្ចណា ដែលមានការពាក់ព័ន្ធនឹងអំពើខុស ច្បាប់ សូមដកខ្លួនចេញជាបន្ទាន់ យើងត្រូវរួមគ្នាការពារ ប្រយោជន៍ស្របច្បាប់ របស់រាស្ត្រ មិនមែនការពារអំពើខុសច្បាប់ របស់រាស្ត្រនោះទេ៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney