ត្បូងឃ្មុំ: សកម្មជនអតីតCNRP ចំនួន១១៦នាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូល និងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះបានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានឯកឧត្តម ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ។
អ្នកទាំង១១៦នាក់ ដែលប្រកាសចូលថ្មីនាពេលនេះ មកពីឃុំចំនួន០៥រួមមាន៖ ឃុំចាន់មូល ឃុំកំពាន់ ឃុំជាំ ឃុំមេមង និងឃុំមេមត់។
នៅក្នុងឱកាសនោះដែរឯកឧត្តម ជាម ច័ន្ទសោភ័ណ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេមត់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
ឯកឧត្តជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជន ដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងបាននាំមកនូវសុខ សន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀត ដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំ កាន់តែរីកចម្រើន។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថា ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរ គឺប្រជាពលរដ្ឋបាននិងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃ និងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ គឺក្នុងន័យថា កម្ពុជាសព្វថ្ងៃមិនដូចទៅនឹងអ្វីដែលពួកក្រុមប្រឆាំងកំពុងបំពុលព័ត៌មាន និងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតនោះទេ។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាទាំងចាស់ ទាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗអាណត្តិផងដែរ ៕
——————
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney