សហរដ្ឋអាមេរិកនឹងធ្វើការដាក់បញ្ជូលក្រុមហ៊ុនចិនចំនួន៨ទៀតចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មនៅសប្តាហ៍នេះ រួមមាន DJI Technology Co Ltd ដែលជាក្រុមហ៊ុនផលិតដ្រូនពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times នៅថ្ងៃពុធនេះ។
កាសែតផ្សាយទៀតថា រតនាគារអាមេរិកនឹងដាក់ក្រុមហ៊ុនចិនទាំងនោះចូលក្នុងបញ្ជីខ្មៅក្រុមហ៊ុនឧស្សាហកម្មយោធាចិន នៅថ្ងៃព្រហស្បតិ៍ ដោយសារតែមានការពាក់ព័ន្ធនឹងការឈ្លបមើលជនជាតិដើមភាគតិចអ៊ុយហ្គ័រ (Uyghur)។
អ្នកវិនិយោគទុនទាំងអស់របស់អាមេរិកត្រូវបានហាមប្រាមរកស៊ីជាមួយនឹងក្រុមហ៊ុនក្នុងបញ្ជីខ្មីរបស់អាមេរិក ដែលបច្ចុប្បន្នមានប្រហែល ៦០ក្រុមហ៊ុន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនដ្រូនចិន DJI បដិសេធធ្វើអត្ថាធិប្បាយពីការចុះផ្សាយរបស់កាសែត Financial Times។ បញ្ជីខ្មៅអាមេរិកហាមក្រុមហ៊ុនចិននេះទិញ និងប្រើប្រាស់បច្ចេកវិទ្យា ឬសមាសធាតុរបស់អាមេរិក។
នៅពេលនេះ ក្រុមហ៊ុន DJI បាននិយាយថាខ្លួនមិនបានធ្វើអ្វីឡើយដូចការចុះផ្សាយ ហើយខ្លួននឹងបន្តលក់ផលិតផលនៅអាមេរិកដែលជាទីផ្សារដ៏ធំរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ថា ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិ ប៉ាន់ស្មាថា មនុស្សជាង ១លាននាក់ ដែលភាគជាច្រើនជាជនជាតិដើមភាគតិច អ៊ុយហ្គ័រ និងសមាជិកជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ត្រូវបានឃុំខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងប្រព័ន្ធជំរំដ៏ធំនៅតំបន់ Xinjiang ភាគខាងលិចប្រទេសចិន។
សមាជិកសភាបរទេសបានចាត់ទុកការប្រព្រឹត្តិលើជនជាតិអ៊ុយហ្គ័រថាជាអំពើប្រល័យពូជសាសន៍ ដោយលើកឡើងពីភស្ថុតាងនៃការក្រៀវដោយបង្ខំ និងការស្លា.ប់នៅក្នុងជំរំ។
ប៉ុន្តែចិនបានបដិសេធការចោទប្រកាន់នោះ ដោយនិយាយថា អត្រាកំណើនរបស់ប្រជាជនអ៊ុយហ្គ័រខ្ពស់ជាងមធ្យមភាគជាតិ៕