(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណិត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃអភិបាលខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំសាមញ្ញនេះ មានចំនួន៦របៀបវារៈ ត្រូវលើកយកមកពិនិត្យ ពិភាក្សា និងអនុម័ត
១.សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត
២.សេចក្តីព្រាងរបាយការណ៍រីកចំរើនប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
៣. សេចក្តីព្រាងស្តីពីការដាក់ឲ្យអនុវត្តន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្ត
៤.សេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត
៥.ការតែងតាំងមន្ត្រីរាជការនៅសាលាខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមន្ទីរធនធានទឹកខេត្តនិងឧតុនិយមខេត្ត
៦.បញ្ហាផ្សេងៗ៕