សម្តេច ស ខេង ប្រកាសជំហរ៖ គាំទ្រ និងគោរពតាមសន្និបាតគណបក្ស ក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី

សម្តេច​ក្រឡាហោម ស ខេង ក្នុងនាម​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ជំហរ ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ នោះ​គឺ​សម្តេច ស ខេង ដែលជា​ថ្នាក់ដឹកនាំ​សំខាន់​ទី​២ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​គាំទ្រ និង​គោរព​តាម​សន្និបាត​គណបក្ស​។​

រាជធានី​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ក្នុងនាម​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ជំហរ ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ នោះ​គឺ​សម្តេច ស ខេង ដែលជា​ថ្នាក់ដឹកនាំ​សំខាន់​ទី​២ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​គាំទ្រ និង​គោរព​តាម​សន្និបាត​គណបក្ស​។​

យោងតាម​លិខិត​ជូន​ជនរួមជាតិ នៅ​ព្រលប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ ដែល​ប្រើ​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង ២​ចំណុច រួមមាន​៖ ១-​ខ្ញុំ​តែងតែ​គោរព និង​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ជ្រើសតាំង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត​។ ២-​ចំពោះ​ការជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត ខ្ញុំ​ក៏​នឹង​គោរព​តាម​ការសម្រេច​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​»​។​

​សូមជម្រាបថា សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​ប្រកាស​ជា​ចំហរ​ជូន​ជនរួមជាតិ​ខាងលើនេះ បានធ្វើ​ឡើង នៅលើ​ផេ​ក​ផ្លូវការ​របស់​សម្តេច ហើយក៏​ធ្វើឡើង នៅក្រោយ​កិច្ចប្រជុំ​រវាង​សម្តេច និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ នេះ​។

​សូម​រម្លឹក​ជូន​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​ពិធី​សម្ពោធ​ផ្លូវ នៅ​ខេត្ត​ព្រះសីហនុ បានប្រកាស​ពី​ការជ្រើសតាំង​កូនប្រុស​របស់​សម្តេច គឺ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី បន្ត​ពីស​ម្តេច ហើយ​ដែលមាន​ការគាំទ្រ​ពីស​ម្តេច​។ ភ្លាមៗ ញត្តិ​គាំទ្រ ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់​មកពី​គ្រប់ទិសទី តាំងពី​មូលដ្ឋាន រហូតដល់​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា ហើយ​សម្តេច​សាយឈុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ចេញ​ញត្តិ​គាំទ្រ​ដែរ​។​

​នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ នៅ​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ប្រកាស​ជាថ្មីទៀត អំពី​ការ​បម្រុង​ទុក​អនាគត​បេក្ខភាព​នាយករដ្ឋមន្ត្រី ចំនួន ៤​រូប​របស់​គណបក្សកាន់អំណាច ដោយ​ក្នុងនោះ មាន​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក្តី សម្តេច​បាន​បញ្ជាក់ថា ការដាក់​បេក្ខភាព​ថ្មី​ទាំងនេះ មិន​ធ្វើឡើង នៅពេលនេះ​ទេ តែ​អាច​ធ្វើឡើង នៅក្រោយ​ឆ្នាំ​២០២៨​។​ ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត វ័យ​ប្រមាណ ៤៤​ឆ្នាំ គឺជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ  និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ លោក​បញ្ចប់​ការសិក្សា នៅ​សាលា​បណ្ឌិត្យ​យោធា​របស់​អាមេរិក West Point​។ សម្រាប់​កិច្ចការងារ​នយោបាយ លោក​ក៏​ជា​ប្រធាន​យុវជន​ថ្នាក់កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​អចិន្ត្រៃយ៍ ដែលមាន​វ័យក្មេង​ជាងគេ​ផងដែរ​៕

 

Leave a Reply