(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយស បាននាំយកអំណោយជាអាវរងារ ស្បៀងអាហារ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ចែកជូនលោកតាលោកយាយចាស់ជរា មានជីវភាពខ្វះខាត ក្នុងស្រុកពញាក្រែក។
បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចំពោះលោកតាលោកយាយទាំង៥០នាក់ ក្នុងម្នាក់ទទួលបានអាវរងារ០១ អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួន។