អភិបាលខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៥៧៥គ្រួសារ ស្មើនឹង ១.២៧៣ប័ណ្ណ នៅស្រុកសណ្តាន់

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៥៧៥គ្រួសារ ស្មើនឹង ចំនួន ១.២៧៣ប័ណ្ណ ស្ថិតនៅក្នុងភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

 (រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៥៧៥គ្រួសារ ស្មើនឹង ចំនួន ១.២៧៣ប័ណ្ណ ស្ថិតនៅក្នុងភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

 ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលនូវប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ ហើយសូមបងប្អូនខិតខំថែរក្សាប័ណ្ណកម្មសិទ្ធិនេះឲ្យបានគង់វង្ស ទុកដាក់ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។ ឯកឧត្តមបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិមួយសន្លឹកនេះ ពិតជាមានន័យ និងមានសារៈសំខាន់ណាស់ សម្រាប់យើងជាម្ចាស់ដី ក្នុងការធានានូវសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី ជាពិសេសជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ។ ម្យ៉ាងវិញទៀត ធ្វើឲ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។ លើសពីនេះ យើងអាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់នៅធនាគារ ឬគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តីត្រូវការ ។

 ឯកឧត្តម បានបន្តទៀតថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់ណាស់ ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពដីធ្លី ពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន ។

 ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឈើទាល ស្រុកសណ្តាន់ទាំងមូល មានចិត្តសប្បាយរីករាយណាស់ដែលបានទទួលប័ណ្ណកម្មសិទ្ធិនៅពេលនេះ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដី និងដៃគូរអភិវឌ្ឍន៍នានា ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រធ្វើឲ្យដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានប្លង់រឹងនៅពេលនេះ ។

Leave a Reply