ភ្នំពេញ៖ ការលើឡើងរបស់ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិច នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងយ៉ាងដូច្នេះថា មនុស្ស គ្មានអ្នកណាចេះជាងអ្នកណាទេគ្រាន់តែយើងចេះជំនាញខុសៗពីគ្នាតែប៉ុណ្ណោះ។ដូច្នេះចូរកុំឲ្យមានជំងឺតួឯកនៅក្នុងខួរក្បាល ហើយមើលស្រាលអ្នកនៅជុំវិញខ្លួនឲ្យសោះ!។
ឯកឧត្តមបន្តថា ការចែករំលែកចំណេះដឹងគ្នាគឺជាគុណធម៌នៃការគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមកដោយស្មើភាព។ឋានៈតួនាទីគ្រាន់តែជាការបែងចែកការទទួលខុសត្រូវការងារតាមឋានានុក្រមតែប៉ុណ្ណោះ មិនមែនផ្តល់ឲ្យសម្រាប់យកទៅគំរាមកំហែង គាបសង្កត់ ដាក់សម្ពាធដល់អ្នកនៅក្រោមឱវាទ ធ្វើបាបប្រជាពលរដ្ឋឬដើរអួតក្អេងក្អាងសំញ៉ែងថាខ្លួនជាមនុស្សអស្ចារ្យនោះទេ។
ឯកឧត្តមបានបន្តលើកឡើងទៀតថា មន្ត្រីដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋចូរកុំតាំងខ្លួនជាចៅហ្វាយនាយ ផ្ទុយទៅវិញ ត្រូវដឹងថាខ្លួនគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតែងក្រើនរំលឹកច្រើនលើកច្រើនសារចំពោះឥរិយាបថមន្ត្រីជាមួយប្រជាពលរដ្ឋ។ ក្នុងសង្គមប្រជាធិបតេយ្យសេរី ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច ដូច្នេះ បើចង់រក្សាអំណាចក្នុងតំណែងឲ្យបានយូរ មន្ត្រីត្រូវតែចេះយល់ចិត្តប្រជាពលរដ្ឋ។ ជាមួយគ្នានេះមន្ត្រីក៏ត្រូវយល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួនជាមួយគណបក្សដែលខ្លួនកំពុងស្ថិតនៅជាមួយ ព្រោះបុណ្យស័ក្តិ តួនាទីដែលខ្លួនទទួលបានគឺគណបក្សជាអ្នកផ្តល់ឲ្យនៅពេលដែលបក្សឈ្នះឆ្នោត។
ទន្ទឹមគ្នានោះឯកឧត្ដមទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមយ៉ាងដូច្នេះដែរថា ប្រសិនបើយើងទទួលបានទំនុកចិត្តពីបក្សហើយ តែបែរជាប្រតិបត្តិខ្លួនមិនខ្វល់ពីបក្ស មិនបម្រើបក្ស ធ្វើខ្លួនឲ្យជះឥទ្ធិពលអាក្រក់ដល់បក្សមានន័យថាបុគ្គលទាំងនោះជាមនុស្សបំផ្លាញបក្សនិងបំផ្លាញខ្លួនឯងហើយ។បើមិនបានជួយដល់បក្ស សូមកុំបំផ្លាញបក្ស។
គួរជម្រាបផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាធ្ងន់ៗនៅតាមបណ្ដាញ Telegram ជាមួយក្រុមអ្នកសារព័ត៌មាន ដោយការប្រើប្រាស់ពាក្យសម្ដីខ្លះរបស់ឯកឧត្តមក៏ជាហេតុបានធ្វើឲ្យក្រុមអ្នកសារព័ត៌មានមួយចំនួនបញ្ចេញប្រតិកម្មតបវិញ ដោយមិនបានគាំទ្រឬសប្បាយចិត្តជាមួយការលើកឡើងរបស់ឯកឧត្ដមអភិបាលខេត្តរតនគិរីសោះតែម្ដង៕