រតនគិរី ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ ឆ្នាំ២០២១ ក្រោមប្រធានបទ “គុណតម្លៃនៃការអនុវត្តអនាម័យ និងសម្អាត” និងពិធីប្រកាសទទួលស្គាល់ស្រុកអូរជុំជាស្រុកទី១ ដែលបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។
ពិធីនេះធ្វើឡើង នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មានប្រសាសន៍ថា រដ្ឋបាលខេត្តរតនគិរី បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍនានា នៅតាមមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ដើម្បីសម្រេចបាននូវទិសដៅរបស់រដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបាន ៩០% និងទស្សនវិស័យ “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូប នៅសហគមន៍ជនបទ ត្រូវតែមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។
រដ្ឋបាលខេត្តរតនគិរី ក៏បានផ្តល់នូវកិច្ចសម្របសម្រួល ព្រមទាំងកិច្ចសហការយ៉ាងល្អ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការនានា ដែលធ្វើការងារផ្នែកលើកកម្ពស់ទឹកស្អាត និងអនាម័យ ដែលសរុបជារួមមានប្រមាណជា៩អង្គការ ដោយមានអង្គការភ្លែនអន្តរជាតិកុមារ និងយូនីសេហ្វ ដើរតួនាទីយ៉ាងសំខាន់ ជំរុញការលើកកម្ពស់ទឹកស្អាត និងអនាម័យក្នុងសហគមន៍ សាលារៀន និងមណ្ឌលសុខភាព។
ឯកឧត្ដមអភិបាលខេត្តបន្ថែមថា រហូតដល់ឆ្នាំ២០២១នេះ ខេត្តរតនគិរី មានភូមិដែលបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល មានចំនួន៣៧ភូមិ និងឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន៧ឃុំ និងស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ១ស្រុក ក្នុងនោះផងដែរ អូរជុំគឺជាស្រុកទីមួយដែលទទួលបានជ័យលាភី សម្រេចបានស្រុកបញ្ឈប់ ការបន្ទោបង់ពាសវាលពាសកាលនៅពាក់កណ្តាលឆ្នាំ២០២១នេះ ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានសម្ដែងនូវការអបអរសាទរចំពោះស្រុកអូរជុំដែលជាស្រុកទី១ ទទួលបានការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំង៨ បន្ដខិតខំប្រឹងប្រែងដើម្បីឱ្យខេត្តរតនគិរីទាំងមូលសម្រេចបាន ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។
ឯកឧត្តមក៏បានជម្រុញអោយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ខេត្តទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរិះរកវិធានការ និងធនធានក្នុងការលើកកម្ពស់អនាម័យជនបទឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ៕