ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្ដីពីការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំងប្រាំ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១.របាយការណ៍សន្តិសុខសណ្ដាប់ធ្នាប់ របស់ស្នងការនគរបាលខេត្តមណ្ឌលគិរី ២.ផែនការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិធីបុណ្យអុំទូក អកអំបុក និងបុណ្យជាតិ អន្តរជាតិផ្សេងៗ ៣.ពង្រឹងរបៀបរបបការងារ និងការបន្តអនុវត្តសារាចរណែនាំនានា របស់រាជរដ្ឋាភិបាល ជាពិសេសបទល្មើសធនធានធម្មជាតិ។
បញ្ហាផ្សេងៗ ១.ការងារចាក់សាំង និងវិធានការអនុវត្តច្បាប់ សារាចរនានា ក្នុងបរិបទកូវីត-១៩ រួមទាំងការបើកសាលារៀន និងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២.ការងារពង្រឹងវិធានសុខាភិបាល នៅតាមកន្លែងសេវាកម្មទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ បូទីក រមណីយដ្ឋានទេសចរណ៍) ៣.ការពន្លឿនរបាយការណ៍វឌ្ឍនភាពរយៈពេល ៥ឆ្នាំ (២០១៧-២០២១) របស់រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាព៕