ឯកឧត្តម សុខ លូ៖ បាត់ដំបងនឹងក្លាយជាខេត្តគោលដៅទេសចរណ៍វ៉ាក់សាំងជំហានទី២

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ប្ដេជ្ញាពង្រឹងទេសចរណ៍វប្បធម៌ និងធម្មជាតិក្នុងខេត្ត ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងទេសចរជាតិបន្ថែមទេ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ប្ដេជ្ញាពង្រឹងទេសចរណ៍វប្បធម៌ និងធម្មជាតិក្នុងខេត្ត ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងទេសចរជាតិបន្ថែមទេ។

ឯកឧត្តម រំពឹងថា តំបន់ទេសចរណ៍ដែលមានស្រាប់ បូកនឹងផលិតផលទេសចរណ៍ថ្មី នឹងធ្វើឱ្យខេត្តបាត់ដំបង ក្លាយជាគោលដៅទទួលទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងរួច នៅជំហានបន្ទាប់។

ខេត្តបាត់ដំបង មានរមណីយដ្ឋានយ៉ាងសម្បូរបែបទាំងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងកែច្នៃ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទៃក្នុង ចាប់ផ្ដើមទៅកម្សាន្តនៅខេត្តនេះ ឡើងវិញក្រោយរដ្ឋាភិបាលបើករមណីយដ្ឋានទូទាំងប្រទេស។ ការដើរកម្សាន្តរបស់ទេសចរក្នុងស្រុក បានផ្ដល់ចំណូលដល់អាជីវករ ក្នុងវិស័យទេសចរណ៍ នៅខេត្តបាត់ដំបង។ បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏កំពុងពង្រីកសក្តានុពលទេសចរណ៍ក្នុងខេត្តបន្ថែមទៀត ដើម្បីចងចិត្តភ្ញៀវទេសចរដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងថា រដ្ឋបាលខេត្តនឹងពង្រីកកន្លែងកម្សាន្តបន្ថែមទៀតនៅតាមដងស្ទឹងសង្កែ ព្រមទាំងអភិរក្សតំបន់ទេសចរណ៍វប្បធម៌។ ការត្រៀមខ្លួនទាំងនេះ ព្រោះលោកចង់ឱ្យខេត្តបាត់ដំបង ស្ថិតក្នុងជម្រើសរបស់រដ្ឋាភិបាល សម្រាប់ការបើកទេសចរណ៍វ៉ាក់សាំងជំហានទី២។

ឯកឧត្តមអភិបាលខេត្ត បន្តយ៉ាងដូច្នេះ៖ «ខ្ញុំជឿថាមិនយូរទេ រដ្ឋាភិបាលឬក្រសួងទេសចរណ៍ នឹងបើកកញ្ចប់ទេសចរណ៍វ៉ាក់សាំង ក្នុងខេត្តបាត់ដំបងហើយ ព្រោះជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍វប្បធម៌។ ហើយបើទេសចរ វ៉ាក់សាំងចង់ទៅទស្សនាប្រាសាទបុរាណ ផ្ទះបុរាណ និងកន្លែងកម្សាន្តបែបធម្មជាតិ ខេត្តបាត់ដំបងក៏សម្បូរ ។ ជាពិសេស យើងមានម្ហូបអ្នកបាត់ដំបង យើងក៏ស្វាគមន៍»។
 

ក្រៅពីរំពឹងទេសចរអន្តរជាតិទៅកម្សាន្តនៅខេត្តបាត់ដំបង បច្ចុប្បន្នទេសចរជាតិ ក៏ទៅកម្សាន្តនៅខេត្តបាត់ដំបងច្រើនណាស់ដែរ។ បើតាមលោក សុខ លូ ភ្ញៀវទេសចរជាតិ នៅតំបន់ខ្លះមានច្រើនជាងពេលមិនទាន់មានការរីករាលដាលជំងឺកូវីដ-១៩ ថែមទៀត។ 
 

បច្ចុប្បន្ន ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ជាង ១០០ទីតាំង។ ក្នុងនោះរួមមាន រមណីយដ្ឋានទេសចរណ៍ ២០ទីតាំង, សហគមន៍ និងអេកូទេសចរណ៍ ៤ទីតាំង, ទេសចរណ៍សាសនា ២២ទីតាំង, កសិ-ទេសចរណ៍ ៤ទីតាំង និងគោលដៅទេសចរណ៍ផ្សេងៗ ៥៤ទីតាំង។ រដ្ឋបាលខេត្តបាត់ដំបង ក៏កំពុងអនុវត្តគម្រោងភូមិមួយផលិតផលមួយ ដើម្បីបង្ហាញអត្តសញ្ញាណតាមតំបន់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕

Leave a Reply