ភ្នំពេញៈ លោក មុត ចន្ថា បានសរសេរនៅលើបណ្តាញហ្វេសប៊ុកនៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា អ្នកដឹកនាំនយោបាយនិយម បង្ហាញគំរូ ឬបណ្តុះផ្នត់គំនិតនិងមនោគមវិជ្ជាស្អប់ខ្ពើម ហិង្សា រើសអើង ចោទមួលបង្កាច់ លាបពណ៌ និងបង្កជម្លោះរមែង បានមកវិញនូវគ្រាប់ពូជគ្មានគុណភាពសម្រាប់ការបន្តវេន ដើម្បីឱ្យពួកគេចូលរួមនិងធ្វើវិភាគទានជួយដល់សង្គមឡើយ។
លោក មុត ចន្ថា ត្រូវបានគេស្គាល់ថា ជាមនុស្សដែលស្និទ្ធបំផុតជាមួយលោក កឹម សុខា ហើយក៏ជាអ្នករួមការងារក្នុងអតីតគណបក្សសង្គ្រោះជាតិជាមួយទណ្ឌិត សម រង្ស៊ី ផងដែរ។ ការសរសេររបស់លោកខាងលើនេះ គឺសំដៅទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលកំពុងតែគេចខ្លួននៅក្រៅប្រទេសដែលតែងតែញុះញង់ លាបពណ៌ និងបង្កជម្លោះមិនចេះចប់ចេះហើយ រហូតធ្វើឲ្យសកម្មជន និងអ្នកគាំទ្រខ្លួនជាប់ពន្ធនាគារ។
លោក ចន្ថា បានបន្តថា អ្នកដឹកនាំនយោបាយនិយមវោហាសាស្ត្ររិះគន់ និងបរិហារដោយមិនឈរលើអង្គហេតុពិតនិងមិន ក្នុងចេតនាស្ថាបនា តែងតែនាំមកវិញនូវភាពក្តៅក្រហល់ក្រហាយ និងការឈឺចាប់ដល់ខ្លួនឯង អ្នកដទៃ និងសង្គមទាំងមូល។ អ្នកដើរតាមនឹងត្រូវទទួលរងនូវផលវិបាក និងគ្រោះថ្នាក់បីៈ រត់ចោលស្រុក ឬស្លាប់ ឬជាប់គុក!។
អ្នកដឹកនាំនយោបាយនិយមប្រើវោហាសាស្ត្ររិះគន់ចោទមួលបង្កាច់ និងលាបពណ៌ ដើម្បីចង់បានមកវិញនូវការចូលចិត្ត ស្រឡាញ់ ប្រជាប្រិយភាព និងការគាំទ្រ តែងតែទទួលបានផលបាបត្រឡប់វិញៈ «បង្កជម្លោះ បំផ្ទុះជម្លោះ ហិង្សា អស្ថិរភាព អសន្តិសុខ និងអសន្តិភាព» ដល់សង្គម គណបក្សនយោបាយដែលខ្លួនដឹកនាំ និងវិនាសដល់ខ្លួនទាំងផ្លូវច្បាប់ និងនយោបាយ។
លោក មុត ចន្ថា បានបន្តទៀតថា អ្នកដឹកនាំនយោបាយនិយមបង្កើតព្រឹត្តិការណ៍ ឬហេតុការណ៍ក្នុងចេតនាដណ្តើមបាននូវការចាប់អារម្មណ៍, កុំឱ្យអ្នកគាំទ្រភ្លេចខ្លួន, ទាញយកតម្លៃនិងប្រយោជន៍នយោបាយ តែងតែនាំទុក្ខនិងគ្រោះថ្នាក់ដល់អ្នកគាំទ្រ ព្រោះគេពង្វក់ឱ្យអ្នកគាំទ្រជឿតាម និងញុះញង់រុញច្រានអ្នកគាំទ្រចេញមករបន្ទរតាម ឬចេញមកដើរតាមផ្លូវៈ «ព្រឹត្តិការណ៍យុទ្ធនាការនំបញ្ចុក, ព្រឹត្តិការណ៍៩វិច្ឆិកា២០១៩, ព្រឹត្តិការណ៍ប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធក្រើកឡើងបែរចុងកាណុង, ព្រឹត្តិការណ៍ប្រកូកប្រកាសឱ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិ» ជាដើម។
អ្នកដឹកនាំនយោបាយនិយមសម្រេចអ្វី ឬធ្វើអ្វីតាមអារម្មណ៍នឹកឃើញ និងតាមទំនើងចិត្ត ប្រៀបដូចដេកឱបគ្រាប់បែកកំណត់ម៉ោង និងដបសាំង ដើម្បីដុតបញ្ឆេះគណបក្សនយោបាយដែលខ្លួនដឹកនាំ អ្នកដើរតាម និងខ្លួនឯងផ្ទាល់។ អ្នកដឹកនាំនយោបាយនិយមប្រើការឈឺចាប់របស់អ្នកគាំទ្រ ដូចជាៈ ឈាម ការស្លាប់ និងការជាប់គុករបស់អ្នកគាំទ្រ ដើម្បីធ្វើជាឈ្នាន់នយោបាយចាប់យកឱកាសនិងប្រយោជន៍នយោបាយ ឬដើម្បីបង្ខំឱ្យអន្តរជាតិដាក់គំនាប ឬបង្ខំឱ្យគូបដិបក្ខនយោបាយលះបង់ប្រយោជន៍នយោបាយឱ្យខ្លួន តាមរយៈការចរចា ឬធ្វើសម្បទាននយោបាយ តែងតែបរាជ័យ និងបង្កការឈឺចាប់ឱ្យអ្នកគាំទ្រនិងក្រុមគ្រួសាររបស់ពួកគេៈ រត់ចោលស្រុក និរាសព្រាតប្រាសមនុស្សជាទីស្រឡាញ់ជាប់គុក ជាដើម។ អ្នកដឹកនាំនយោបាយនិយមអត្តនោម័ត ឬស្តាប់មនុស្សជំនិតពីរបីនាក់(ក្រុមអាមាត្យ) ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តលើបញ្ហាគោលជំហរ តែងតែនាំមកនូវសេចក្តីអន្តរាយដល់ស្ថាប័ន និងសង្គមទាំងមូល។
លោក មុត ចន្ថា បានលើកឡើងថា យុវជន និងមនុស្សវ័យក្មេង គឺជាអ្នកបន្តវេន និងជាអ្នកដឹកនាំអនាគត! យុវជន និងមនុស្សវ័យក្មេងដែលប្រឡូកក្នុងកិច្ចការនយោបាយ និងគណបក្ស ពុំគួរបណ្តោយខ្លួនឱ្យអ្នកដឹកនាំប្រើប្រាស់ខ្លួនជាសត្វសេកជេរបន្ទរ ឬជិះលើខ្នងរបស់ពួកគេជាឈ្នាន់ ដើម្បីសម្រេចមហិច្ឆតានយោបាយទុច្ចរិត។ បើសិនជាអ្នកក្លាយជាសត្វសេក អ្នកនឹងត្រូវរងទុក្ខជំនួសអ្នកដឹកនាំនយោបាយ ខណៈដែលគេដេកបន្ទប់គ្រែពូក ម៉ាស៊ីនត្រជាក់ និងស៊ីស្តែកសាច់គោក្លែមស្រាក្រហមជួបជុំក្រុមគ្រួសាររបស់គេដោយសប្បាយរីករាយ៕