ជំនួបនេះធ្វើឡើងនៅភូមិគ្រឹះឯកឧត្តមស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២១។ នៅក្នុងក្នុងឱកាសនេះលោក PHAM NGUYEN NGHI នាយកក្រុមហ៊ុនហ័ងអានម៉ាងយ៉ាងខេ បានសម្តែងនូវការសប្បាយរីករាយ និងគោរពជូនពរឯកឧត្តម ញ៉ែម សំអឿន ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តរតនគិរី ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ខេត្តរតនគិរី អោយមានភាពរីកចម្រើនបន្តទៀត។
លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូនឯកឧត្តមអភិបាលខេត្ត អំពីដំណើរការក្រុមហ៊ុន លើការអភិវឌ្ឍន៍ដំណាំកៅស៊ូក្នុងភូមិសាស្រ្តខេត្តរតនគិរី។ ដែលកិច្ចការអភិវឌ្ឍន៍នេះមានការសហការយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរខេត្តរតនគិរីគ្រប់លំដាប់ថ្នាក់ធ្វើអោយក្រុមហ៊ុនមានភាពកក់ក្តៅ ហើយឈានទៅសម្រេចបានតាមផែនការជាជំហ៊ានៗលើការដាំដុះដំណាំកៅស៊ូប្រកបដោយភាពរលូន។លោកPHAM NGUYEN NGHIក៏បានជម្រាបជូនផងដែរ ពីការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកម្មករ កម្មការនីក្នុងក្រុមហ៊ុនគិតមកដល់ពេលនេះក្រុមហ៊ុនសម្រេចចាក់ជូនបងប្អូនកម្មករ កម្មការនី បានប្រមាណជិត១០០%ហើយ។
ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានទទួលយកនូវពរសព្វសាធុការ ដែលលោកPHAM NGUYEN NGHI នាយកក្រុមហ៊ុនហ័ងអានម៉ាងយ៉ាងខេ បានជូនពរនាពេលនេះនិងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះដំណើរការអភិបឌ្ឍន៍របស់ក្រុមហ៊ុនលើកិច្ចការវិនិយោគដំណាំកៅស៊ូក្នុងខេត្តរតនគិរី ដែលការវិយោគរបស់ក្រុមហ៊ុន ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការទទួលយកកម្លាំងពលកម្មអោយធ្វើការក្នុងក្រុមហ៊ុន ហើយក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដើម្បីបង្កើនភាពជឿជាក់រវាងវិនិយោគគិននិងអាជ្ញាធរដែនដី៕