ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា មានមនុស្សមួយចំនួនដែលកំពុងរស់នៅបរទេសបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីមកកម្ពុជា ដើម្បីគៀបសង្កត់ខ្មែរ ។ សម្ដេចថា ក្រោយពីចប់ពិធីសម្ពោធក្រសួងដែមដីរួច សម្ដេច នឹងបន្តជួបរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
សម្ដេចតេជោ បានបញ្ជាក់ថា មានរឿងច្រើនណាស់ដែលត្រូវពិភាក្សាទាំងទ្វេរភាគី ទាំងក្នុងក្របខណ្ឌអាស៊ាន-អូស្ត្រាលីជាដើម។ សម្ដេចបន្តថា លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា អាចក្នុងគោលបំណងពន្យល់កម្ពុជា ពីយុទ្ធសាស្រ្តភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (AUKUS) នេះផងដែរ ៕