ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃ ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារទីស្ដីការក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ ដែលត្រូវដាក់ ឲ្យប្រើប្រាស់នាពេលនេះទេ។ សម្តេចក៏បានមានប្រសាសន៍ដាសតឿនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ ឱ្យខិតខំបំពេញការងារឱ្យបានល្អប្រសើរ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលកើតមាននេះ ឱ្យបាន គង់វង្ស ប្រើប្រាស់អោយបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការឱ្យមានប្រសិទ្ធភាព និងចំនុចមួយទៀត ត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។ ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវការណែនាំដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលទីនូវ៣ចំនុចសំខាន់៖ ១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិអោយប្រជាពលរដ្ឋអោយបានឆាប់, ២- ត្រូវបន្តខិតខំដោះស្រាយ ជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ និង៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត ។
ថ្លែងទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាការរៀនរស់តាមកន្លងថ្មី ដែលយើងមាន ការកាត់បន្ថយចំនួនមនុស្សចូលរួម ជាក់ស្ដែងដូចជា អគារសាលប្រជុំនេះ ដែលកន្លងមក ធ្លាប់តែដាក់មនុស្សជាង១ពាន់នាក់ តែពេលនេះ យើងកាត់បន្ថយមកត្រឹមប្រមាណជាង៥០០នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះ យើងនឹងសម្ភោធ អគារក្រសួងចំនួន៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសម្ពោធរួច ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលសម្ពោធនាពេលនេះ និងនៅចុងឆ្នាំ២០២១ យើងនឹងសម្ពោធអគារទីស្ដីការក្រសួងការពារជាតិ ដែលនឹងត្រូវសម្ពោធចំខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់មន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឱ្យជូបតែសេចក្តីសុខ សេចក្តី ចម្រើន និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀត។ មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គ្រឿងឥស្សរិយយសដល់មន្ត្រី មានស្នាដៃ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មួយចំនួនផងដែរ ។
តាមរបាយការណ៍ បានឱ្យដឹងថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និង ទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត ៕