ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ូ វ៉ាន់ ធឿង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
នៅក្នុងជំនួបនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដែលបានជួប ពិភាក្សាជាមួយឯកឧត្តម វ៉ វ៉ាន់ ធឿង តាមប្រព័ន្ធវីដេអូ និងបានអបអរសាទរចំពោះឯកឧត្តម វ៉ូ វ៉ាន់ ធៀង ដែល ត្រូវបានគណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងអាណត្តិថ្មីនេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់ នៃមហាសន្និបាតលើកទី១៣របស់គណបក្សកុម្មុយនីស្តវៀតណាម និងមានជំនឿជាក់យ៉ាងមុតមាំថាក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សកុម្មុយនិស្តវៀតណាម ដែលមានឯកឧត្តម ង្វៀន ភូត្រុង ជាអគ្គ លេខាធិការ ប្រទេសវៀតណាមនឹងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ «ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មាន ចំណូលខ្ពស់ នៅឆ្នាំ២០៤៥ »។
ភាគីទាំងពីរបានអះអាងថា ប្រវត្តិនៃទំនាក់ទំនងជាបងប្អូនរវាងគណបក្សនិងប្រទេសទាំងពីរ ដែល តែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ ក្រោមមាគ៌ាដ៏ត្រឹមត្រូវ និងឈ្លាសវរបស់គណបក្ស និងថ្នាក់ដឹកនាំបក្សទាំងពីរ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនេះ ត្រូវបានពង្រឹងនិងពង្រីកតាមទិសស្លោក *ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។
ក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ថ្នាក់ ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរ កាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈការជួប សន្ទនាគ្នាតាមទូរសព្ទ័ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខទុក្ខគ្នា និងការគាំទ្រគ្នាទៅ វិញទៅមកទាំងសម្ភារៈ និងស្មារតី ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេស នីមួយៗ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូល និងកិច្ចព្រមព្រៀងរវាងគណបក្សយើងទាំងពីរ ដែលរួមមាន ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូ ជំនាញ អង្គការមហាជន និង បណ្តាខេត្តជាប់ព្រំដែន ជាដើម ។
ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ជំរុញស្ថាប័ន គណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន និងតំបន់ទន្លេមេគង្គ ។
នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តថា ជំនួបនេះពិតជាទទួលបាននូវលទ្ធផល ផ្លែផ្កា និងបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃ ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕