អភិបាលខេត្ត​ប៉ៃលិន ប្ដេជ្ញា​រៀបចំ​តំបន់​ទេសចរណ៍​ដែល​គេ​បោះបង់ចោល​ទៅជា​គោលដៅ​សក្ដានុពល​

អភិបាលខេត្តប៉ៃលិន​ លោកជំទាវ បាន ស្រីមុំ ប្ដេជ្ញាចិត្ត​រៀបចំ​តំបន់​ទេសចរណ៍​ដែល​ត្រូវបាន​គេបោះបង់​ចោល ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សក្ដានុពល​។​

អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ ប្ដេជ្ញាចិត្ត​រៀបចំ​តំបន់​ទេសចរណ៍​ដែល​ត្រូវបាន​គេបោះបង់​ចោល ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សក្ដានុពល​។​

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ តាមបណ្តាញសង្គម Facebook ផ្ទាល់របស់លោកជំទាវថា «​កន្លែង​បោះបង់ចោល ខ្ញុំ​នឹង​រៀបចំ​ដោយ​ផ្ទាល់ដៃ ថែរក្សា​សម្បត្តិ​ធម្មជាតិ សម្បត្តិ​សាធារណៈ​ឱ្យ​ក្លាយជាទីកន្លែង​ទេសចរណ៍ធម្មជាតិ​ស្រស់បំព្រង​សម្រាប់​ទុកឱ្យ​កូនចៅ ជំនាន់​ក្រោយ​ថែរក្សា​បន្ត ជា​សម្បត្តិ​រដ្ឋ បម្រើ​ប្រយោជន៍​រួម​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រោយ​លោកស្រី និង​ក្រុមការងារ​ចុះ​ពិ​និត្យនៅ​តំបន់ភ្នំ​ខៀវ កាលពីថ្ងៃទី១០ តុលា​។​

អភិបាលខេត្តប៉ៃលិន បានបន្តថា នៅមាន​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង ដែល​ទេសចរ​មិនទាន់​ស្គាល់ និង​ទៅដល់ ខណៈ​ទឹកជ្រោះ និង​តំបន់​ធម្មជាតិ​មួយចំនួន​គួរ​ជាទី​ទាក់ទាញ​។ តាមរយៈ​តួនាទី​ជា​អភិបាលខេត្ត លោកស្រី បាន ស្រីមុំ មើលឃើញ​ពី​សក្ដានុពល​ទេសចរណ៍​ក្នុង​ខេត្ត​នេះ ដោយ​បន្ត​អភិវឌ្ឍ​ជីក​កកាយ​តំបន់​ទេសចរណ៍​អាថ៌កំបាំងដែលជា​ផ្នែក​មួយ​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ​។ 

លោកជំទាវ បាន ស្រីមុំ បច្ចុប្បន្ន​រដ្ឋបាលខេត្ត កំពុង​រៀបចំ​តំបន់​ទេសចរណ៍​ភ្នំ​ខៀវ ដោយបាន​ធ្វើ​ផ្លូវ​បេតុង ដាំ​ផ្កា​លម្អ និង​រៀបចំ​កន្លែង​ថតរូប ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ទេសចរណ៍​។ ក្រៅពី​សម្រស់​ទឹកធ្លាក់ និង​ធម្មជាតិ ទឹកធ្លាក់​ភ្នំ​ខៀវ ក៏មាន​សត្វ​ស្លាប​ច្រើន​ប្រភេទ រួមទាំង​សត្វ​ស្វា ដែល​ផ្ដល់​ជា​ទស្សនីយភាព​សម្រាប់​ភ្ញៀវទេសចរ​ទស្សនា​ផងដែរ​។ ក្រោយ​រៀបចំ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ លោកជំទាវ បាន ស្រីមុំ សង្ឃឹមថា​តំបន់​នេះ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​។

លោកជំទាវ បាន ស្រីមុំ បញ្ជាក់​បែបនេះ​៖ «​ខ្ញុំ នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​មាន​ប្រាក់ចំណូល​។ ជាពិសេស​ធ្វើឱ្យមាន​ភាព​រីកចម្រើន​គ្រប់​វិស័យ​»​។ 




​          ទន្ទឹមនឹង​ការរៀបចំ​តំបន់​ទេសចរណ៍​ឱ្យមាន​ភាពល្បីល្បាញ លោកជំទាវ បាន ស្រីមុំ នឹង​បន្ត​ពង្រឹង​ផ្នែក​សេវាកម្ម​ទេសចរណ៍ ដូចជា ភោជនីយដ្ឋាន ផ្ទះ​ស្នាក់ សណ្ឋាគារ និង​រី​សត ដើម្បី​ផ្ដល់​សេវា​ជូន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​។ អភិបាលខេត្ត​រូបនេះ រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​សម្រាប់​ប៉ៃលិន នាពេល​បច្ចុប្បន្ន​មាន​ភោជនីយដ្ឋាន ផ្ទះ​ស្នាក់ និង​សណ្ឋាគារ​ល្អៗ​ច្រើន បើ​ធៀប​នឹង​ខេត្ត​មួយចំនួន ដែល​ខ្ញុំ​បាន​ទៅដល់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ខ្ញុំ នឹង​ខិតខំ​ប្រឹងប្រែង​ទៅមុខទៀត ដើម្បីឱ្យ​មានការ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​»​។  

ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ បាន​អំពាវនាវ​ដល់​វិនិយោគិន​នានា គួរ​មក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប៉ៃលិន ដែលជា​តំបន់​សក្ដានុពល​មួយ​។ លោកស្រី បាន ស្រីមុំ ក៏​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ត្រូវ​ចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​សម្អាត​ទាំងអស់គ្នា ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​តំបន់​ទេសចរណ៍​។ 

សូមបញ្ជាក់ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្ត​ប៉ៃលិន ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ២៥២៩​នាក់​ប៉ុណ្ណោះ ដោយសារ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្ត​មិនទាន់​ធូរស្រាល​៕ 

Leave a Reply