ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ចេញមតិទៅកាន់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឲ្យមេដឹកនាំកំពូលទាំង៤រូប មានសញ្ជាតិខ្មែរតែមួយ គឺបញ្ជាក់ពីភាពក្លាហានរបស់សម្តេច ហ៊ុន សែន ដែលជាប្រធានប្រធានគណបក្ស ហើយសម្តេច មានសញ្ជាតិខ្មែរតែមួយគត់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ថាជាការបញ្ចប់ជីវិតនយោបាយរបស់អ្នកនយោបាយប្រឆាំងមានសញ្ជាតិបរទេស ដែលប៉ងយកតំណែងនាយករដ្ឋមន្រ្តី។ ឯកឧត្តម មានប្រសាសន៍ថា៖«ការមានច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូល គឺជាការរុញទណ្ឌិតក្រៅច្បាប់ឲ្យទល់ជញ្ជាំង»។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្តើមចេញពីគំនិតរបស់សម្តេចនាយករដ្ឋមន្រ្តី នាំឲ្យមានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីមន្រ្តីរដ្ឋាភិបាលទាំងថ្នាក់លើទាំងថ្នាក់ក្រោម។