ប៉ៃលិន ៖ ក្រោយពីទទួលដំណឹងថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ខ្វះខាតទឹកសម្រាប់បូម ឬបង្ហូរចូលក្នុងស្រែរបស់ខ្លួន ជាហេតុធ្វើឱ្យដំណាំស្រូវជាច្រើនហិកតា ទទួលរងការខូចខាត បើសិនជាសិន ជាមិន ការជួយសង្គ្រោះបានទាន់ពេលវេលា ទើបនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងក្រុមការងារ បានអញ្ជើញចុះអន្តរាគមន៍សម្របសម្រួល ក្រោមនយោបាយ ឈ្នះឈ្នះ ដើម្បីបើកទំនប់ទឹក ដែលប្រជាពលរដ្ឋមួយចំនួនតូច ខ្វះការយល់ដឹង នាំគ្នាបិទខ្ទប់ស្ទាក់ទឹក ទុកសម្រាប់ប្រើប្រាស់តែស្រែរបស់ខ្លួន នៅក្នុងភូមិសំបូរ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅក្នុងឱកាសចុះជួយអន្តរាគមន៍បញ្ហាទំនាស់ការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ដែលមានដី ស្រែ នៅជាប់នឹងមាត់ប្រឡាយបង្ហូរទឹក មិនត្រូវគិតតែពីផលប្រយោជន៍បុគ្គលឡើយ គឺត្រូវគិតពីផលប្រយោជន៍ រួម ពោលគឺមិនត្រូវធ្វើទំនប់ស្ទាក់ទឹកប្រឡាយសម្រាប់បង្ហូរចូលដីស្រែរបស់ខ្លួនតែម្នាក់ឯងនោះឡើយ គឺត្រូវបង្ហូរចែកចាយដល់ប្រជាកសិករ ដែលមានដីស្រែនៅផ្នែកខាងក្រោយ និងខាងក្រោមៗ ផងដែរ ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដាន និងជួយសម្របសម្រួល ឈរលើ គោល ការណ៍ស្មើភាពគ្នា ព្រមទាំងផ្លូវច្បាប់ ដើម្បីជាសវៀងការបង្ករជាទំនាស់ទៅថ្ងៃក្រោយទៀត។
បន្ទាប់ពីទទួលបានសំនូមពរពីសំណាក់បងប្អូនប្រជាកសិករដែលធ្វើស្រែ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ជំរុញ អោយ មន្ទីរធន ធានទឹក និងឧត្តុនិយមខេត្ត ចុះ ធ្វើការសិក្សា និងធ្វើប្រព័ន្ធធារា សាស្ត្រ បន្ថែមទៀត ដើម្បីដោះស្រាយ បញ្ហាខ្វះទឹកធ្វើស្រែរបស់បងប្អូន ប្រជា កសិករ ក្នុងនោះដែរ លោក ជំទាវ ក៍បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមសម្របសម្រួល នូវផល ប៉ះពាល់ និងចូលរួមថែ រក្សា ប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាដល់ ការ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ បាន យូរអង្វែង។
នៅក្នុងឱកាសនោះផងដែរ បងប្អូនប្រជាកសិករ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយឥតឧបម៉ា ដែលលោកជំទាវអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ និងជួយអន្តរាគមន៍ដំណាំស្រូវរបស់ ពួកគាត់បានទាន់ពេលវេលា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹកនាំ គ្រប់ ជាន់ ថ្នាក់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងសូមជូនពរឱ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការដឹកនាំខេត្តប៉ៃលិន ឱ្យមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត។
បើតាមការបញ្ជាក់ពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំ២០២១នេះ ខេត្តប៉ៃលិនមានផែនការដាំដុះដំណាំស្រូវ សរុបចំនួន ៦៥០០ហ.ត តែអនុវត្តបានសរុបចំនួន ៦៦៩០ហ.តស្មើនឹង ១០២% លើសផែនការ ២% ក្នុងនោះ៖ ស្រូវស្រាលអនុវត្តបានសរុប ១៤០ហ.ត ស្រូវកណ្តាលអនុវត្តបានសរុប ៦៤៣០ហ.ត ស្រូវធ្ងន់អនុវត្តបានសរុប ១២០ហ.ត ហើយដំណាំស្រូវដែលទទួលរងការខ្វះខាតទឹកមានចំនួន ៥៥០ហិកតា៕