ប្រធានថ្មីនៃគ.ជ.ប : កម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតចំនួន៤ ចាប់ពីឆ្នាំ២០២១-២០២៤

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍ថា សម្រាប់ដំណាក់កាលចំពោះមុខចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោតនឹងត្រូវរៀបចំការបោះឆ្នោត ចំនួន ៤ គឺ៖ -ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ – ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ -ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ -ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍ថា សម្រាប់ដំណាក់កាលចំពោះមុខចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោតនឹងត្រូវរៀបចំការបោះឆ្នោត ចំនួន ៤ គឺ៖ -ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ – ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ -ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ -ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប.។

ឯកឧត្តមបន្តថា ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិងកំពុងរៀបចំការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលទើបបង្កើតថ្មី។ តាមគម្រោង នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

ប្រធានថ្មី នៃគ.ជ.ប បានបញ្ជាក់ទៀតថា ការរៀបចំការបោះឆ្នោតពីឆ្នាំ២០២១-២០២៤ ដោយគិតទាំងការពិនិត្យ បញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតផងនោះ នឹងប្រព្រឹត្តទៅក្នុងសភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាបាននិងកំពុងទទួលរងឥទ្ធិពល និងផលប៉ះពាល់បណ្តាលមកពីការរីករាលដាលជាសកលនជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក្តី តាមរយៈការគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបង្ការការពារ និងគ្រប់គ្រង ក៏ដូចជាការគោរពតាមវិធានការចាំបាច់នានា ទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងអត្រាកើនឡើង ខ្ពស់គួរឱ្យកត់សម្គាល់នៃការចាក់វ៉ាក់សាំង ពិតជាអាចរួមចំណែក និងជាអំណោយផលដល់ការធានាបាននូវការរៀបចំដំណើរការបោះឆ្នោតក្នុងជុំថ្មីនេះ។

ឯកឧត្តម​ ប្រាជ្ញ ចន្ទ បានប្តេជ្ញាថា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ឯកឧត្តមសូមធ្វើការប្តេជ្ញាថា រូបឯកឧត្តម រួមជាមួយនឹងអនុប្រធាន សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ នឹងខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រង សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការ បោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ឯកឧត្តមសូមសំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករយ៉ាងសំខាន់ សូមរួបរួមគ្នា ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការងារ បោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លៀតក្នុង ឱកាសនេះផងដែរ ឯកឧត្តមសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ សូមមេត្តាបន្តកិច្ចសហការជាមួយ គ.ជប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានា ដែលបានដាក់ចេញជាធរមាន រួមចំណែកលើកកម្ពស់ការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

គួររម្លឹកថា ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការចូលរួម និងកិច្ចសហការគាំទ្រពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បានចំនួន១៦លើករួចមកហើយ។ ការបោះឆ្នោតទាំងសកល ទាំងអសកល បានប្រព្រឹត្តទៅយ៉ាងទៀងទាត់ ស្របតាមការកំណត់នៃច្បាប់ និងត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិ វាយតម្លៃថា បានរៀបចំធ្វើដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស៕

Leave a Reply