តាកែវ៖ នៅរសៀលព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានបន្តដំណើរនាំយកថវិកា របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៥,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារ ឈ្មោះ វង្ស សាមឿន ភេទស្រី អាយុ ៦៣ឆ្នាំ បានស្លាប់ដោយសារវីរុសកូវីដ-១៩ ដែលមានអាសយដ្ឋាន នៅភូមិ អង្គតាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
មានប្រសាសន៍សំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏នាំយក នូវបណ្ដាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏សូមចូលរួម រំលែកទុក្ខ ដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសាច់ញាតិនៃសព សម្ដែងការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់សមាជិកគ្រួសារនីមួយៗ ដោយសារ មេរោគកូវីដ-១៩ចង្រៃនេះ ដែលកំពុងរាតត្បាត ពាសពេញសកលលោកយើងនេះ និងសូមបួងសួងសូមឲ្យវិញ្ញាណខ័ណ្ឌរបស់គាត់ បានទៅ កាន់ឋាន សុគតិភពផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដាស់តឿន ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ ក្រសួងសុខា ភិបាល ព្រមទាំងអនុវត្តវិធាន ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវបន្តទៀត ដើម្បីចូល រួមទាំងអស់ គ្នាក្នុងការទប់ស្តាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងបន្តទៀត ឆ្លងចូលក្នុង សហគមន៍យើងរស់នៅបានតទៅមុនទៀតបានឡើយ ៕