នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តរតនគិរី និងក្រុមការងារសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តរតនគិរី បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម ថង សាវុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្ត និងជាប្រធានកិត្តិយស ស.យ.ស.សខេត្តរតនគិរី យកទៅផ្តល់ជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន១៣៣នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន៤៤នាក់ នៅក្នុងមណ្ឌលព្យាបាលវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
នាឱកាសនោះដែរក្រុមការងារយុវជន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក ឯកឧត្តម ថង សាវុន ប្រធានសាខាខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពអោយបានល្អក្នុងអំឡុងពេលនៃការសម្រាកព្យាបាលជំងឺកូវីដ-១៩ និងត្រូវស្ដាប់តាមការណែនាំរបស់គ្រូពេទ្យអោយបានត្រឹមត្រូវ ដេីម្បីឆាប់បានជាសះស្បេីយពីជំងឺកូវីដ-១៩នេះ ព្រោះបច្ចុប្បន្នជំងឺនេះកំពុងតែរីករាលដាលស្ទើតែគ្រប់ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់ត្រូវតាមដានសុខភាពខ្លួនឯង និងអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា។
អំណោយសម្ភារៈដែលបានផ្តល់ជូននាពេលនោះរួមមាន៖
ម៉ាសុីនទឹកក្តៅ ៣០គ្រឿង, កែវមានដៃ ០៦ឡូ,សាច់ជ្រូក ៨០គីឡូ, ក្រូចឆ្មារ ២០គីឡូ, ស្ពៃក្តោប ៥០គីឡូ, សាច់មាន់ ២០គីឡូ, ស្ករស ៦០គីឡូ, មី ២០កេសតូច, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈើ ០៥កេស, ទឹកស៊ីអុីវ ០៤យួរ និងនំសំរាប់កូនក្មេងចំនួន ១៥ប្រអប់ផងដែរ៕