ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា លោកជំទាវ និន សាផុន និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដំណើរទស្សនកិច្ចនោះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ។
យោងតាមរបាយការណ៍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុបំណង។ ដោយឡែកទាក់ទងនឹងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន៦លាន៦សែន១ពាន់៨០៤តោន ដែលកើនឡើង 0,៨៣%, បរិមាណនាវាឆ្លងកាត់មានចំនួន១ពាន់៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤ម៉ឺន១ពាន់៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ប៊ីលាន៨១៣លាន៧សែន៦ម៉ឺន៩ពាន់រៀល ថយចុះចំនួន៧%។
ជាមួយគ្នានោះផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១ពាន់៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង១ពាន់៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១ពាន់៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។
ដោយឡែក ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧ដល់ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤ម៉ែត្រកន្លះ ក្នុងនោះ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ៕