ប៉ៃលិន៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត បាននាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ បាន ស្រីមុំ និងក្រុមការងារ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវប្រធានសាខា ក៍បានមានប្រសាសន៍អំពាវនាវដល់ព្រះចៅអធិការវត្តគ្រប់វត្តទាំ ង អស់ក្នុងខេត្ត ត្រូវពង្រឹងវិន័យអោយបានតឹងរឹង ជាពិសេសការចេញ-ចូលរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ដែលមកធ្វើបុណ្យ ឬមកលេងកំសាន្តនៅក្នុងវត្ត ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការចម្លង រីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងវត្តអារាម និងក្នុងសហគមន៍ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធាន ការ ការពាររបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ជានិច្ច។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីរួចមក លោកជំទាវ បាន ស្រីមុំ និងក្រុមការងារ ក៍បានប្រគេននូវទេយ្យទាន និងបច្ច័យ ជូនដល់វត្តរតន សោភ័ណ ហៅវត្តកោងកាង រួមមាន៖ អង្ករ ១០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥យួ, ត្រីខ ១កេស, មី ១០កេស, ទឹកសុទ្ធវីតាល់ ១០កេស, ស្លាដក ៣កញ្ចប់, ស្ករស ៥គីឡូក្រាម, ទឹកដោះគោ ១កេស, តែ ២គីឡូក្រាម, ទឹកក្រូច ២យួរ និងថវិកាចំនួន ២លានរៀល ដោយឡែកសម្រាប់ព្រះសង្ឃ ៣អង្គ ក្នុងមួយអង្គៗប្រគេនបច្ច័យចំនួន ១០ម៉ឺនរៀល និងជូនថវិកាដល់លោកតាជី យាយជីនៅក្នុងវត្តចំនួន ៥០ម៉ឺនរៀលផងដែរ ៕