នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការការងារថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រង់ចំណុចឃុំកិះចុង ស្រុកបរកែវ រហូតដល់ស្រុកអណ្ដូងមាស ។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានបញ្ជាក់ថា ការងារថែទាំផ្លូវជាប្រចាំ ត្រង់ចំណុចផ្លូវលេខ ៣៧៨៩ ប្រវែង ២៨គីឡូម៉ែត្រ ពីស្រុកបរកែវ ដល់ស្រុកអណ្ដូងមាស ជាផ្លូវប្រភេទ DBST ដោយមានការលាបពណ៍បង្គោលសុវត្ថិភាពតាមដងផ្លូវ។
ក្នុងការត្រួតពិនិត្យនាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគ បរិភោគ និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ។ ក្នុងនោះដែរឯកឧត្តមក៏បានកោតសរសើរ ដល់ក្រុមការងារថែទាំផ្លូវទាំងអស់ ដែលបានខិតខំបំពេញការងារ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយភាពងាយស្រួល ។